ដោយៈសរិទ្ធ/ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានប្រទះឃើញ ដួលសន្លប់ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ១ មុខវិទ្យាល័យច្បារអំពៅ ហើយត្រូវបានគេដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខណ្ឌច្បារអំពៅ ហើយគ្រូពេទ្យ បានប្រកាសស្វែងរកក្រុម គ្រួសារ របស់លោកតា ឱ្យជួយថែទាំគាត់ ។ ចំណែកថ្លៃថ្នាំព្យាបាល គឺមន្ទីរពេទ្យ មិនយកថវិកាឡើយ។
លោក អ៊ុង រ៉ូន ចៅរងទី១ សង្កាត់និរោធ បាននិយាយថាៈ បុរសដែលសន្លប់ មានវ័យប្រមាណជា ៧០ ឆ្នាំ ពាក់អាវឆ្នូតខៀវ ដៃវែង ស្លៀកខោខៀវ ជើងវែង សម្បុរខ្មៅស្រអែម បានមកដេកសន្លប់ នៅមុខសាលាវិទ្យាល័យច្បារអំពៅ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយពុំមានប្រជាពលរដ្ឋណា ស្គាល់គាត់ឡើយ។
លោកចៅរងសង្កាត់ បានបន្តថាៈ ដោយសារតែគាត់ ដួលសន្លប់ ហើយដំបូងឡើយ ស្មានតែគាត់ស្រវឹងស្រា ប៉ុន្តែធាតុពិត គាត់ហត់ហេវ រហូតដល់ដួលសន្លប់។
ជុំវិញករណីខាងលើនេះ លោក គ្រី ហ៊ុច មន្ត្រីប្រចាំការសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថាៈ បុរសវ័យចំណាស់រូបនេះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែក ខណ្ឌច្បារអំពៅ ដឹកយកមកធ្វើការសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខណ្ឌហើយ ។ មន្ទីរពេទ្យ បានប្រកាសស្វែងរកក្រុមគ្រួសារ របស់លោកតា ឱ្យជួយថែទាំគាត់ ។ ចំណែកថ្លៃថ្នាំព្យាបាល គឺមន្ទីរពេទ្យ មិនយកថវិកាឡើយ៕/V