Home ព័ត៌មានជាតិ នយោបាយ ព្រឹត្តិការណ៍...

ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍​

​ដោយ​: ម៉េង​ឆៃ/ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អមដំណើរ​ដោយ​លោក ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ព្រមទាំង​មាន​មន្ត្រី​ពាក់ព័ន្ធ​មួយ ចំនួន ទៀត បាន​នាំនូវ​អំណោយ​របស់​រាជរដ្ឋាភិបាល ដែលមាន​ម៉ាស​ចំនួន ២​លាន ១​សែន និង​បរិក្ខារ​ពេទ្យ សរុប​ចំនួន ១២​មុខ ប្រគល់ជូន​លោក ថន​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ​រួចហើយ ដើម្បី​ចូលរួម​ជួយ​ដល់​ប្រទេស​ឡាវ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។​

​បន្ទាប់ពី​ទទួលបាន​ម៉ាស​ជាង ២​លាន និង​បរិក្ខារ​ពេទ្យ​មួយចំនួនទៀត ពី​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លួ​ន ស៊ី​សូលី​ត បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ ចំពោះ​ការឧបត្ថម្ភ​គាំទ្រ​ដ៏​មានតម្លៃ​របស់​កម្ពុជា​។

​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​ដដែល សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ ដោយ​ដាក់ចេញ ៧​ចំណុច ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅ​កម្ពុជា​។ ក្នុង​សារាចរ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង​សា្ថ​ប័ន​ពាក់ព័ន្ធ ជាពិសេស​រដ្ឋបាលខេត្ត រាជធានី ត្រូវ​បង្កើន​សកម្មភាព​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៥ ព្រមទាំង​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​ខ្សែរយៈ បណ្តាញ​មេក្លោង និង​បង្ក្រាប​អោយដល់​ឬ​សគល់​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែវិច្ឆិកា ក្រសួងសុខាភិបាល បានប្រកាសថា អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​ទៀត ត្រូវបាន​ព្យាបាល​ជាសះស្បើយ កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​។ នោះ​គឺ​លោក សួស យ៉ា​រ៉ា អាយុ ៤៧​ឆ្នាំ ជា​សមាជិក​រដ្ឋសភា មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ និង​ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ព្រមទាំង​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ចិ​ត្តា​បុរី ខេត្តក្រចេះ ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បានចេញ​ថ្លែងការណ៍ ប្រតិកម្ម​តប​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ដែល​បានចេញ​ថ្លែងការណ៍ បង្ហាញ​ក្តីបារម្ភ​អំពី​ការបង្ក្រាប​លើ​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិមនុស្ស នៅ​កម្ពុជា​។ កម្ពុជា បាន​ហៅ​ការព្រួយបារម្ភ​នោះ ថា​ជាការ​ធ្វើឡើង​ដោយ​ផ្អែកលើ​ទស្សនៈ​បុគ្គល និង​លម្អៀង​។

​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា លទ្ធផល​នៃ​ការធ្វើ​តេស្ត លើក​ទី​៤ ដែលជា​លើកចុងក្រោយ គឺ​ល្អ​ណាស់ សម្រាប់​សម្តេច និង​ភរិយា ព្រមទាំង​អ្នក​នៅ​ជាមួយ ដែល​បានបង្ហាញ​ច្បាស់​ថា អវិជ្ជមាន​កូ​វីដ​-១៩ ពោលគឺ​ពុំមាន​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ​។

​ក្នុង​សារ​ពិសេស​ជា​សំឡេង កាលពី​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា សម្តេច​តេ​ជោ នាយ​រក​ដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រកាស​ណែនាំ​ជាថ្មី ទៅកាន់​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ពិសេស​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​អនុញ្ញាត​ឲ្យ​រៀប​អាពាហ៍ពិពាហ៍ ពិធីបុណ្យ រួមទាំង​ការជួបជុំ​ខាង​សាសនា បើក​សាលារៀន ស្តា​ត​អូឡាំពិក សារមន្ទីរ និង​រោងភាពយន្ត ជាដើម ត្រូវ​បើក​ឡើងវិញ ប៉ុន្តែ​ត្រូវ​យកចិត្តទុកដាក់​ខាង​អនាម័យ រក្សា​គម្លាត​សុវត្ថិភាព វាស់​កំដៅ និង​លាងដៃ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ពោលគឺ​យើង​ត្រូវ​វិលត្រឡប់​ទៅរក​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ដូច​មុន​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា​។​

​ការវាយតម្លៃ​របស់​កា​រិ​យា​ល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​ប្រទេស សេ​ណេ​ហ្កា​ល់ ស្តីអំពី ស​ន្ទ​ស្សន៍​នៃ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ បង្ហាញថា ក្នុងចំណោម​ប្រទេស​ទាំង ១៦៦ នៅលើ​ពិភពលោក កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣ ហើយ​បើ​និយាយ​តែ​ក្នុង​តំបន់​អាស៊ី​វិញ គឺ​កម្ពុជា ឈរ​នៅ​លំដាប់ថ្នាក់​ទី​១ ដែល​បាន​គ្រប់គ្រង​ការឆ្លង​កូ​វីដ​១៩ បានល្អ​ប្រសើរ​។ ចំណាត់ថ្នាក់​ល្អ​របស់​កម្ពុជា ក្នុង​កម្រិត​ពិភពលោក និង​នៅ​អាស៊ី​នេះ ផ្នែក​លើ​ការវាយតម្លៃ លើ​មូលដ្ឋាន​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​។ ការវាយតម្លៃ​នេះ ត្រូវបានធ្វើ​ឡើងលើ​ធាតុ​សំខាន់​បី គឺ​ស្ថានភាព​នៃ​ការឆ្លង​មេរោគ ស្ថានភាព​នៃ​ការ​ជាសះស្បើយ និង​ករណី​មរណភាព​។ គិត​មកដល់​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប ៣០៤​នាក់​។ ក្នុងនោះ អ្នកជា​សះស្បើយ ២៩៤​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ចំនួន ១០​នាក់​។ កម្ពុជា ពុំមាន​អ្នកស្លាប់ និង​ពុំមាន​ករណី​ឆ្លង​រាលដាល នៅក្នុង​សហគមន៍​ឡើយ​។​

​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែលជា​បុគ្គល​ស្នូល​នៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា នៅ​កម្ពុជា​នោះ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​ហើយ បន្ទាប់ពី​សំរាក​ព្យាបាល​សុខភាព​រយៈពេល ១៧​ថ្ងៃ​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី លោក ភី​ត​ធើ ស៊ី​ចា​តូ ត្រូវបាន​រកឃើញ​កើត​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា បន្ទាប់ពី​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បន្តដំណើរ​ទស្សនកិច្ច នៅក្នុង​ប្រទេស​ថៃ​។ មនុស្ស​ជាង ១៨០០​នាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ បានធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​រកឃើញ មាន​មនុស្ស ៤​នាក់ បាន​ឆ្លង​ជំងឺ​នេះ គឺ​តំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម អគ្គរដ្ឋទូត​ហុង​គ្រី និង​អង្គរក្ស​ខ្មែរ​ម្នាក់ ដែល​ការពារ​លោក ស៊ី​ចា​តូ​។ គិត​ត្រឹម​ថ្ងៃទី​២០​ខែវិច្ឆិកា ក្នុងចំណោម​អ្នក​ឆ្លង​ទាំង ៤​នាក់ គឺមាន​តំណាងរាស្ត្រ​ម្នាក់ បានជា​សះស្បើយ ត្រឡប់ទៅផ្ទះ​វិញ ខណៈ ៣​នាក់​ទៀត កំពុងស្ថិត​ក្នុងការ​ព្យាបាល​។

​កាលពី​ថ្ងៃ​សុក្រ ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់ បានជា​សះស្បើយ គឺ​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ និង​បុរស​ជនជាតិខ្មែរ ២​នាក់​។ ដូច្នេះ គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា នៅ​កម្ពុជា រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ សរុប​ចំនួន ៣០៤​នាក់ ក្នុងនោះ អ្នក​ព្យាបាល​ជាសះស្បើយ មាន​ចំនួន ២៩៤​នាក់ និង ១០​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​រដ្ឋ​។​

​កាលពី​ថ្ងៃ​សុក្រ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ទទួលស្គាល់ថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជេ​អ៊ី​ន (Moon Jae-in) បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េ លើក​ទី​២១ តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ប្រទេស​វៀតណាម​ថា ភាគី​កូរ៉េ នឹង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ជូន​កម្ពុជា​។
​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក វ៉ា ស៊ឹម​សូរិយា មិនទាន់​ទទួល​ព័ត៌មាន​ពី​ភាគី​កូរ៉េ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ KOICA កំពុង​សិក្សា ហើយ​ចំពោះ​ទីតាំង និង​តម្លៃ មិនទាន់​ដឹង និង​មិនទាន់​អនុម័ត​នៅឡើយ​ទេ​។​

​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ និង​ជាសះស្បើយ ម្នាក់​។ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី ម្នាក់នេះ ជា​អ្នកដំណើរ មកពី​សហរដ្ឋអាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។ រីឯ​អ្នកជា​សះស្បើយ ម្នាក់នេះ គឺ​លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម ដែលជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា​។​
​គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣០៥​នាក់​។ ក្នុងនោះ ២៩៥​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ១០​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​រដ្ឋ ( ៨​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ២​នាក់ សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ​)៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...