ប្រែសម្រួល : កញ្ញាដាលីស ៖ និស្សិតវៀតណាមបានចំណាយថវិកាជិត ៨២៧ លានដុល្លារអាមេរិកដល់សាកលវិទ្យាល័យនិងមហាវិទ្យាល័យនានានៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំសិក្សា ២០១៩-២០២០ ពោលគឺធ្លាក់ចុះ ១៧ ភាគរយបើធៀបនឹងឆ្នាំមុន។
វិទ្យាស្ថានអប់រំអន្តរជាតិនៅសហរដ្ឋអាម៉េរិកបាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩វិច្ឆិកាថា ទោះបីជាប្រទេសវៀតណាមនៅតែជាប់ចំណាត់ថ្នាក់ទី៦នៅទូទាំងពិភពលោកក្នុងបញ្ជីប្រទេសនិងដែនដីដែលបញ្ជូនសិស្សនិស្សិតទៅស្ថាប័នឧត្តមសិក្សាសហរដ្ឋអាម៉េរិកច្រើនក្តី ក៏ចំនួននេះបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ១៨ ឆ្នាំ។
ចំនួននិស្សិតវៀតណាមបានធ្លាក់ចុះ ២,៥ ភាគរយស្មើនឹង ២៣.៧៧៧ នាក់ នេះយោងតាមរបាយការណ៍ខាងលើ ដែលស្ទង់មតិស្ថាប័នអប់រំកម្រិតខ្ពស់របស់អាម៉េរិកចំនួន២.៩០០ដែលទទួលសិស្សនិស្សិតបរទេស។
ក្នុងចំណោមសិស្សនិស្សិតវៀតណាមទាំងនោះ មាន ៦៩,៨ ភាគរយជានិស្សិតកំពុងរៀនថ្នាក់បរិញ្ញា និង ១៥,៣ ភាគរយជានិស្សិតបញ្ចប់ការសិក្សា។
ទិន្នន័យនេះត្រូវបានរាយការណ៍នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៩ ចឹងមានន័យថាវាមិនមានកត្តារងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ១៩នោះទេ។
ចិនដីគោកគឺជាប្រទេសបញ្ជូននិស្សិតទៅរៀននៅអាម៉េរិកច្រើនជាងគេ តាមពីក្រោយដោយឥណ្ឌា កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត និងកាណាដា។ ប្រទេសដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ គឺកោះតៃវ៉ាន់ ជប៉ុន ប្រេស៊ីល និងម៉ិកស៊ិក៕
និស្សិតវៀតណាមបង់លុយជាង៨០០លានដុល្លារសម្រាប់ឆ្នាំសិក្សា២០១៩-២០២០នៅអាម៉េរិក