ដោយ: មុនីរ័ត្ន / ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍រយៈពេល ២០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានកើតឡើងចំនួន ១៦៨៧លើក ស្លាប់មនុស្សចំនួន ៨៥១នាក់ របួសចំនួន ២៥៦៣នាក់ ក្នុងនោះរបួសធ្ងន់ ១៥៤៤នាក់។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ កើតឡើង៦លើក ស្លាប់ ៤នាក់ របួស ៨នាក់ ក្នុងនោះធ្ងន់៣ និងស្រាល ៥នាក់។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា សម្រាប់លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២២០៩៥៥គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៦៣១៩១គ្រឿង និងរថយន្តមានចំនួន ៥៧៧៦៤គ្រឿង។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕