ប្រែសម្រួល : កញ្ញាដាលីស/សៀងហៃ ៖ នៅថ្ងៃសៅរ៍នេះ ចិនកំពុងចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្ស ៣ លាននាក់នៅក្នុងផ្នែកភាគខាងជើងនៃទីក្រុងធានជីន និងធ្វើតេស្តមនុស្សចំនួន ៤.០១៥ នាក់ផ្សេងទៀតនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងសៀងហៃបន្ទាប់ពីបានរកឃើញករណីចំនួន ១៦ នៅទីក្រុងទាំងពីរ។
គណៈកម្មការសុខភាពជាតិបានកត់ត្រាករណីឆ្លងថ្មីចំនួន ១៦ ករណីនៅថ្ងៃសៅរ៍នេះក្នុងនោះមាន ១៤ ករណីនៅក្រុងធានជីន និង ២ ករណីនៅសៀងហៃ។
កាលពីថ្ងៃសុក្រទីក្រុងធានជីនបានរាយការណ៍អំពីការឆ្លងនៅក្នុងសហគមន៍ ដែលពាក់ព័ន្ធនឹងមនុស្សបួននាក់ផ្សេងគ្នានិងករណីមួយផ្សេងទៀត។
ជាការឆ្លើយតប អាជ្ញាធរមូលដ្ឋានបានបិទសហគមន៍លំនៅដ្ឋានមួយ ជាកន្លែងដែលប្រជាជនជាច្រើនរស់នៅក៏ដូចជាមន្ទីរពេទ្យនិងសាលាមត្តេយ្យ។ យោងតាមទំព័របណ្តាញសង្គមរបស់អាជ្ញាធរក្រុងបានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ អាជ្ញាធរបានចាប់ផ្តើមធ្វើតេស្តប្រជាជនទាំងអស់នៅក្នុងសង្កាត់ប៊ីនហៃនៃទីក្រុងធានជីន។
អាជ្ញាធរក្នុងទីក្រុងសៀងហៃបានបិទមន្ទីរពេទ្យមួយ បន្ទាប់ពីប្តីនិងប្រពន្ធមួយគូបានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីយប់ថ្ងៃសុក្រ ក្រោយពីបានទៅមន្ទីរពេទ្យ។ ចំនួនករណីដែលត្រូវបានបញ្ជាក់សរុបនៅប្រទេសចិនពេលនេះគឺ ៨៦.៤១៤ ៕
ស្ត្រីម្នាក់ពាក់ម៉ាស់ដើរកាត់ផ្ទាំងប៉ាណូមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ