ដោយ: សុផានីតា / កោះកុង: ដីព្រៃឈើជាង២០០ហិកតានៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង បានរងការកាប់បំផ្លាញទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឯកជន ប៉ុន្តែត្រូវបានអាជ្ញាធរស្រុក សមត្ថកិច្ចជំនាញស្រាវជ្រាវចុះបង្ក្រាប ដោយដាក់កម្លាំងតាមឃ្លាំមើលចាប់មុខសញ្ញា។
ដីព្រៃក្នុងតំបន់ការពារធម្មជាតិដែលនៅមិនឆ្ងាយពីទីរួមស្រុកថ្មបាំងប្រមាណជា៦គីឡូម៉ែត្រ ស្ថិតនៅចំណុចអូរចម្រូង និងច្រោះត្រឡោច ក្នុងភូមិត្រពាំងត្រាវ ត្រូវបានក្រុមជនមិនស្គាល់មុខលួចកាប់ជាងហូរហែជា២០០ហិកតា។
លោក ផល សុផាន់ណា អភិបាលរងស្រុកថ្មបាំង បានឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ២០២០នេះថា តាមការពិនិត្យជាក់ស្តែង និងចុះដកបង្គោលកំណត់ដែលក្រុមជនខិលខូចលួចកាប់មានជារូបភាពកាប់យកឈើ និងទន្ទ្រានយកដី រួចលួចដាំណាំបន្លំភ្នែកអាជ្ញាធរ។ ហើយសកម្មភាពនេះ ធ្វើឡើងក្រោយពីព័ត៌មានថាតំបន់នោះនឹងត្រូវកាត់ឆ្វៀលចេញពីតំបន់ការពារ ទើបមានក្រុមពលរដ្ឋខិលខូចមួយចំនួននាំគ្នាទៅប្រព្រឹត្តទង្វើខុសច្បាប់យ៉ាងដូច្នេះ។
អភិបាលរងស្រុកថ្មបាំង បន្ថែមថា មែនទែនទៅ តំបន់ជាការពារធម្មជាតិដែលរងការទន្ទ្រាន គឺគ្មានយន្តការកំណត់ណាមួយដែលនឹងត្រូវស្នើសុំកាត់ចេញពីអនុក្រឹត្យអភិរក្សនោះទេ តំបន់ស្នើសុំគោលការណ៍គឺស្រុកធ្វើរបាយការណ៍ជាក់លាក់ទៅរដ្ឋបាលខេត្តរួចអស់ហើយ។ បន្ទាប់ពីចុះដកបង្គោល ធ្វើកំណត់ហេតុពីទីតាំងកើតហេតុខាងលើ លោកបានដាក់កម្លាំងជំនាញតាមដានឃ្លាំមើលរកមុខសញ្ញាដើម្បីឃាត់ខ្លួនកសាងនីតិវិធីទៅតុលាការ។
ក្រៅពីចំណុចអូរចម្រូង និងច្រោះត្រឡោច ក៏មានការកាប់ព្រៃឈើនៅតំបន់អារ៉ែង ដោយសមត្ថកិច្ចអាជ្ញាធរស្រុកកំពុងស្រាវជ្រាវមុខសញ្ញា និងមានវិធានការ។ កន្លងទៅ អាជ្ញាធរស្រុក និងមន្ទីរជំនាញ ធ្លាប់អប់រំណែនាំដល់ប្រជាពលរដ្ឋជារឿយៗពីការបញ្ឈប់ទប់ស្កាត់លួចលាក់ទន្ទ្រានយកដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិបន្តទៀត ព្រោះជាករណីខុសច្បាប់។
មូលហេតុដែលបណ្តាលឱ្យកើតមានសកម្មភាពកាប់ព្រៃដីធ្វើជាកម្មសិទ្ធិ ក៏ព្រោះតែពលរដ្ឋ ឬឈ្នួញខិតខូចបំផុសបំផុលពីតម្លៃដីហក់ឡើងថ្លៃ ទើបបញ្ហាកើតឡើងជាបន្តបន្ទាប់ និងលំបាកទប់ស្កាត់។
ទាក់ទិនបទល្មើសព្រៃឈើនេះដែរ រដ្ឋបាលខេត្តកោះកុង ធ្លាប់ប្រកាសមានវិធានការក្តៅផងដែរ ចំពោះជនដែលប្រព្រឹត្តបទល្មើសធម្មជាតិ ហើយថែមទាំងបានហាមប្រាមដល់អ្នកពាក់ព័ន្ធប្រញាប់ដកខ្លួនចេញ ប្រសិនបើនៅប្រព្រឹត្តនឹងចាប់ឃាត់ខ្លួនបញ្ចូនទៅតុលាការអនុវត្តនីតិវិធី។
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ២០២០ ថ្មីៗនេះ បានបង្គាប់ឱ្យជនត្រូវចោទចំនួន ៣ នាក់ ដែលជាតំណាងសហគមន៍ចូលបំភ្លឺនៅតុលាការ គឺជាសំណុំរឿងព្រហ្មទណ្ឌ មិនមែនជាសំណុំរឿងពាក់ព័ន្ធនឹងវិវាទកម្មសិទ្ធិដីធ្លីនោះឡើយ។
ប្រជាពលរដ្ឋជាង១៥០នាក់មកពីស្រុកចំនួន ៣ នៃខេត្តនេះរួមមាន ស្រុកស្រែអំបិល ស្រុកបទុមសាគរ និងស្រុកគិរីសាគរ។ ពួកគេតវ៉ានេះ គឺដើម្បីឃ្លាំមើលការចូលបំភ្លឺរបស់តំណាងពួកគេ និងបានស្រែកតវ៉ាថា ពួកគេគឺជាជនរងគ្រោះដីធ្លី។
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុងចុះថ្ងៃទី ១៨ វិច្ឆិកា បានឱ្យដឹងថា អ្នកស្រី ផាវ ញើង អ្នកស្រី សេង លីន និងអ្នកស្រី ខន ផុន ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ធ្វើការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានការវឹកវរដល់សន្តិសុខសង្គម និងបទបរិហារកេរ្តិ៍ជាសាធារណៈដែលមាន ឈ្មោះ ឆាយ វី ជាអតីតតំណាងរបស់ពួកគាត់ ជាដើមបណ្តឹងរដ្ឋប្បវេណី។
សាលាដំបូង និងអយ្យការអះអាងថា នៅថ្ងៃទី ១៨ វិច្ឆិកា សាលាដំបូងបានបង្គាប់ឱ្យជនត្រូវចោទទាំង ៣ ចូលខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ហើយបែរជាមានប្រជាពលរដ្ឋជាច្រើនរយនាក់ខាងលើបានមកធ្វើការស្រែកតវ៉ានៅមុខសាលាដំបូង សុំឱ្យតុលាការជួយដោះស្រាយរឿងទំនាស់ដីធ្លីទៅវិញ។
សាលាដំបូងខេត្តកោះកុងបញ្ជាក់ថា៖ «ដើម្បីចៀសវាងការភាន់ច្រឡំ សាលាដំបូង និងអយ្យការ សូមបញ្ជាក់ជូនសាធារណជនថា សំណុំរឿងខាងលើនេះគឺជាសំណុំរឿងព្រហ្មទណ្ឌ មិនមែនជាសំណុំរឿងពាក់ព័ន្ធនឹងវិវាទកម្មសិទ្ធិដីធ្លីនោះឡើយ»៕srn