ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនសង្ស័យមួយក្រុម លួចម៉ូតូមួយគ្រឿង បានសម្រេច យកទៅផ្ញើនៅក្បែរមន្ទីពេទ្យកាល់ម៉ែត ម្ចាស់តាមរកតាមប្រព័ន្ធ GPS ឃើញម៉ូតូ ក៍ប្តឹងសមត្ថកិច្ចមូលដ្ឋាន និងចាំពួនមើល ពេលជនសង្ស័យ មកយកម៉ូតូវិញ ខណៈដែលជនសង្ស័យ កំពុងអូសយកម៉ូតូ បានឃើញសមត្ថកិច្ច ដឹងខ្លួន រត់គេចខ្លួន បង្កអោយមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ២០២០ នៅកន្លែងផ្ញើម៉ូតូ ក្បែរមន្ទីពេទ្យកាល់ម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូ ឈ្មោះ យុន វិរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២០ វិច្ឆិកា ២០២០ ក្រោយត្រឡប់មកពីធ្វើការវិញ បានយកម៉ូតូរបស់ខ្លួន ម៉ាកហុងដា អាយខន ពណ៌ក្រហម សេរី ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1TM-3686 ទុកក្នុងផ្ទះ ដោយចាក់សោរត្រឹមត្រូវ លុះម៉ោង ៧ ព្រឹកថ្ងៃទី២១ វិច្ឆិកា ២០២០ ក្រោកពីដេក ទើបដឹងបាត់ម៉ូតូតែម្តង។
ម្ចាស់ម៉ូតូ បានបន្តថា ក្រោយពីដឹងបាត់ម៉ូតូ គាត់បានប្តឹងសមត្ថកិច្ចមូលដ្ឋាន រួចតាមរកម៉ូតូ ខាងលើ តាមប្រព័ន្ធ GPS បានឃើញម៉ូតូ នៅកន្លែងផ្ញើម៉ូតូ នៅក្បែរមន្ទីរពេទ្យកាល់ម៉ែត ក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានឃ្លាំមើល លុះដល់រសៀលថ្ងៃខែឆ្នាំដដែល ឃើញជនសង្ស័យ មកយកម៉ូតូ ក៍ស្រែកចោរ និងដេញចាប់ ពេលនោះ ជនសង្ស័យឃើញ សមត្ថកិច្ច មកដល់ បានរត់គេចខ្លួនបាត់តែម្តង។
ប្រភព បានបង្ហើបប្រាប់ថា ក្រុមជនសង្ស័យ មានសៀតកាំភ្លើងខ្លី ជាប់នៅចង្កេះផង។ បច្ចុប្បន្ន ម៉ូតូខាងលើ សមត្ថកិច្ច បានប្រគល់អោយ ជនរងគ្រោះវិញហើយ៕/V