ដោយៈ សរិទ្ធ / ភ្នំពេញៈ អគ្គិភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់បួនខ្នង កាលពីម៉ោងជិត ២ រសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ជាប់របងឃ្លាំងស្រាបៀរ ហ្គេនស៍បឺគ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហុយ នៅខាងក្នុង រហូតក្លាយជាអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញផ្ទះប្រជាពលរដ្ឋ ដល់ទៅ បួនខ្នង តែមិនបណ្តាលឱ្យនរណាម្នាក់ រងរបួសនោះទេ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថាៈ ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋភ្លាម លោកក៏បានបញ្ចេញរថយន្ត ពន្លត់អគ្គិភ័យ ចំនួន ១៤ គ្រឿង បានចេញមកធ្វើអន្តរាគមន៍ បាញ់ពន្លត់ អស់ទាំងស្រុង នៅម៉ោង ៣ រសៀលថ្ងៃដដែល៕/V