ដោយៈ ទេព មង្គល / ភ្នំពេញៈ យុវជនម្នាក់ ដែលជាសមាជិកក្រុមម៉ូតូធំ បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ កាលពីវេលាម៉ោងជាង ៨ ព្រឹក ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២០ មុខវត្តទួលវិហារ ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្រោយពេលការស្លាប់របស់ យុវជនម្នាក់នេះ ក៏បានបែកធ្លាយ តាមបណ្ដាញសង្គមហ្វេសប៊ុក នូវសារដែលឆាតពីសង្សាររបស់យុវជនរងគ្រោះ ដោយក្រើនរំលឹក នៅមុនពេល យុវជននេះ ចេញដំណើរដោយក្រុមម៉ូតូធំនោះ។
នៅមុនថ្ងៃកើតហេតុ មួយថ្ងៃ នារីដែលត្រូវជាសង្សាររបស់យុវជនរងគ្រោះ បានផ្ញើសារ ដោយក្រើនរំលឹកអនាគត មិត្ត ១០០ ឆ្នាំ របស់ខ្លួន ដូចមានខ្លឹមសារទាំងស្រុងថាៈ ” ថ្ងៃស្អែកបងចេញ trip ហើយ មើលថែខ្លួន ប្រយ័ត្នប្រយែងផងណា អូនបារម្ភ អូនស្តាយណាស់ ដែលអូនមិនបាន ទៅជាមួយបង ឲ្យបងជិះម្នាក់ឯង ទោះអូនមិនបានទៅ មិនបាននៅក្បែរបង តែអូននៅតែជា power របស់បងណា។ ពេលអូន មិនបាននៅជិតមើលថែបង បងត្រូវចេះប្រយ័ត្នប្រយែង មើលថែរការពារខ្លួន ឲ្យបានល្អផងណា ឧស្សាហ៍លាងដៃ ជាមួយអាល់កុលផង អូនបារម្ភ ពេលបើកម៉ូតូប្រយ័ត្នប្រយែង ណាបងសម្លាញ់ ភ្នែកមើលតែផ្លូវបានហើយ តែមិនមែនភ្លៅស្រីទេ ហើយហាមមើលស្រីណា ក្រឡេកឃើញបាន តែហាមស្រឡាញ់ ចិត្តនិងបេះដូងបង ត្រូវតែមានអូនម្នាក់គត់ ដឹងឬនៅ មាសស្នេហ៍ ។ ជិះតាមផ្លូវប្រយ័ត្នប្រយែង ណាបងណា តាមសម្រួលដឹងនៅ អូនចង់ឲ្យមនុស្ស អូនស្រឡាញ់ មានសុវត្ថិភាព ទៅដល់កន្លែងណា ឈប់កន្លែងណា ប្រាប់អូនផងណា អូននៅចាំបង បើបងងងុយគេង បើកកញ្ចក់មួក ឬឈប់រកអីញាំឲ្យស្វាងសិន ទៅណា ចាំទៅមុខទៀត អូខេណា។ អូនអត់មានអី និយាយច្រើនទេ ព្រោះអូនដឹងច្បាស់ ពីបងថា បងពូកែ បងជិះនឹងល្អណាស់ បងប្រាកដ ជាសុវត្ថិភាព តែអូនស្រឡាញ់ និងបារម្ភ បានចេះតែចង់និយាយប្រាប់បង ពេលមិនមានអូន នៅក្បែរកុំរញ៉េរញ៉ៃ ជាមួយមនុស្សស្រីផ្សេង អូនអត់សប្បាយចិត្តទេ អូនមើលឃើញបងល្អ បងត្រឹមត្រូវស្រាប់ហើយ ចឹងកុំទៅធ្វើអ្វី ដែលមិនគប្បីមិនល្អ ចំពោះអូន កុំភ្លេចនឹក និងស្រឡាញ់អូន ផងណា កូនកណ្តុរតូច នឹកបារម្ភ និងស្រឡាញ់បងជានិច្ច ណាពូពូ ស៊ូស៊ូណាបងសម្លាញ់ សំណព្វចិត្តអូន ” ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីវេលាម៉ោងជាង ៨ ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មុខវត្តទួលវិហារ ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ រវាងម៉ូតូធំ និងម៉ូតូហុងដា ឌ្រីម (Honda Dream 010) បើកបរដោយគ្រូបង្រៀនម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយជនរងគ្រោះ ដែលជាភាគីខាងម៉ូតូធំ បានស្លាប់ពេលបញ្ជូនដល់ មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ៕/V