ប្រែសម្រួលៈវាសនា/ប៉េកាំង៖ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បាននិយាយកាលពីថ្ងៃសៅរ៍ថាចិនត្រៀមបង្កើនកិច្ចសហការសកលលោកអំពីកូវីដ១៩និងបានអំពាវនាវអោយមានការសម្របសម្រួលអន្តរជាតិល្អប្រសើរឡើងអំពីគោលនយោបាយដើម្បីបង្កភាពងាយស្រួលលើចលនារបស់ប្រជាជន។
បណ្តាក្រុមហ៊ុនឱសថនិងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនៅជុំវិញពិភពលោក កំពុងធ្វើការអំពីវ៉ាក់សាំងកូវីដ១៩ ជាមួយនឹងការសាកពិសោធន៍ធំៗនៅពាសពេញពិភពលោកលើបេក្ខជនវ៉ាក់សាំងជាច្រើន និងពាក់ព័ន្ធអ្នកចូលរួមពិសោធន៍រាប់ម៉ឺននាក់។
ចិនមានវ៉ាក់សាំងកំពុងស្ថិតក្នុងដំណាក់កាលពិសោធន៍ចុងក្រោយចំនួន៥។
ស៊ី បានប្រាប់ជំនួបកំពូលG20នៅក្រុងរីយ៉ាតតាមបណ្តាញវីដេអូបន្តផ្ទាល់ថា «ចិនមានបំណងពង្រឹងកិច្ចសហការជាមួយប្រទេសដទៃក្នុងការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍ ផលិត និងចែកចាយវ៉ាក់សាំង។យើងនឹងបំពេញការប្តេជ្ញាចិត្តរបស់យើង ដោយសុំជួយនិងគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗ ហើយនឹងខិតខំធ្វើអោយវ៉ាក់សាំងនេះក្លាយជាប្រយោជន៍សាធារណៈមួយដែលពលរដ្ឋនៃប្រទេសទាំងអស់អាចប្រើនិងរកបាន»។
លោកក៏បានអំពាវនាវអោយមានកិច្ចសម្របសម្រួលគោលនយោបាយអន្តរជាតិខ្លាំងឡើងដើម្បីបង្កើតការធ្វើដំណើរ«ផ្លូវលឿនរហ័ស» ដែលនឹងជួយសម្រួលចលនាមនុស្សទូទាំងពិភពលោកអោយមានរបៀបរៀបរយ។ក្នុងគំនិតនេះ លោកស៊ីបាននិយាយថាចិននឹងស្នើបង្កើតយន្តការមួយដែលតាមរយៈវាលទ្ធផលធ្វើតេស្ត៍រកវីរុសកូរ៉ូណារបស់អ្នកដំណើរត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈលេខកូដសុខភាពឌីជីថល៕
ប្រធានាធិបតីចិន ស៊ី ជីនភីង ថ្លែងក្នុងអំឡុងជំនួបG20