ប្រែសម្រួលៈវាសនា/ហាណូយ៖ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោករ៉ូប៊ឺត អូប្រាយអ៊ឹន បានពិភាក្សាអំពីការពង្រីកកិច្ចសហការសន្តិសុខនិងយោធានៅក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល៣ថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម ផាំ ប៊ិញ មិញ បានជួបពិភាក្សាជាមួយលោក អូប្រាយអ៊ឹនកាលពីថ្ងៃសៅរ៍ ដោយមន្ត្រីទាំង២បានយល់ស្របគ្នាថាទំនាក់ទំនងរវាងវៀតណាមនិងអាម៉េរិកមិនដែលឡើងខ្ពស់ដូចបច្ចុប្បន្ន ។
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក រ៉ូប៊ឺត អូប្រាយអ៊ឹន និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម ផាំ ប៊ិញ មិញ នៅក្រុងហាណូយ កាលពីថ្ងៃ២១វិច្ឆិកា
ក្នុងវិស័យសន្តិសុខនិងការពារជាតិ លោកមិញបានសរសើរកិច្ចសហការរវាងភាគីទាំង២ រួមមានការរក្សាយន្តការពិភាក្សាទ្វេភាគី និងពង្រឹងកិច្ចសហការក្នុងផ្នែកស្វែងរកនិងសង្គ្រោះ ជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ។
មុននេះ អាម៉េរិកបានប្រកាសជួយ២,១លានដុល្លារជាជំនួយសង្គ្រោះបន្ទាន់សំរាប់ប្រជាជនដែលរងគ្រោះដោយព្យុះបន្តបន្ទាប់កាលពីខែមុននិងទឹកជំនន់នៅវៀតណាមកណ្តាល។
ភាគីទាំង២ក៏បានផ្លាស់ប្តូរទស្សនៈអំពីការជំរុញទំនាក់ទំនងទ្វេភាកី ដោយផ្តល់អាទិភាពលើការបន្តការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកពង្រឹងកិច្ចសហការមនុស្សធម៌ និងពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី ឈរលើផលប្រយោជន៍ទៅវិញទៅមក៕