ផង់ សុភាព លេចមុខ​មក​តស៊ូ​ជាមួយ ឃុន ក្រុង​ថេប​

1366
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: អ្នក​ប្រដាល់ ផង់ សុភាព ក្លិប​ខេត្តរតនគិរី បន្ទាប់ពី​វង្វេង​ក្នុងការ​បរាជ័យ​មក​នោះ នៅ​ព្រឹក​ថ្ងៃទី​២២​មេសា គេ​នឹង​បង្ហាញមុខ​លើស​ង្វៀន Boostrong Fire Fighter របស់​អាស៊ីអាគ្នេយ៍ ដើម្បី​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​កែង​ពិឃាត​ថៃ​ឈ្មោះ ឃុន ក្រុង​ថេប (Khun Krongthep)​។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។

​ទោះបី​កន្លងមក​ការប្រកួត​របស់ ឃុន ក្រុង​ថេប លើស​ង្វៀន​អាស៊ីអាគ្នេយ៍ គេ​មាន​ឈ្នះ​មាន​ចាញ់​ក៏ពិតមែន តែ​ការប្រកួត​ភាគច្រើន​របស់គេ គឺ​បានទទួល​ជ័យជំនះ​។​

​រំលឹក​ឡើង​បន្តិច​កាលពី​លេចមុខ​មក​ប្រកួត​ស្រុក​ខ្មែរ​ដំបូង ឃុន ក្រុង​ថេប នេះហើយ​ដែល​ប្រើ​កែង​ផ្ដួល​មិត្ត​រួម​ក្លិប​របស់ ផង់ សុភាព គឺ ផល សោ​ភ័​ណ្ឌ ឲ្យ​សន្លប់​ឈរ​នៅ​ទឹក​ទី​១​។ ពេលនេះ​មិនដឹងថា សុភាព មក​សងសឹក​ជំនួស​មិត្ត​រួម​ក្លិប ឬក៏​មក​ដើម្បី​ចាញ់​ដែរ​នោះទេ​។​

​សុភាព ជា​អ្នក​ប្រដាល់​ដែលមាន​កណ្ដាប់ដៃ​ធ្ងន់ វ៉ៃ​ចេញ​រហ័ស​តែ​មុខ​របស់គេ​មិនជា​រឹង​ប៉ុន្មាន​នោះឡើយ​។ ឯ ឃុន ក្រុង​ថេប វិញ​ទោះបី​កណ្ដាប់ដៃ និង​កែង​របស់គេ​អស្ចារ្យ​ក៏ពិតមែន តែ​មុខ​របស់គេ​ក៏​ជ្រាយ​ដែរ​ទេ​។ បើ​នរណា​ខ្លាំង​កណ្ដាប់ដៃ ហើយ​កុំ​ញញើត​កែង​របស់គេ​នោះ ក្រុង​ថេប ពិតជា​លំបាក​ហើយ​។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣​ដង ឈ្នះ​៦៧​ដង ចាញ់​១៦​ដង​។ ចំពោះ​សុភាព​វិញ​គេ​មាន ប្រវត្តិ​ប្រកួត​ចំនួន​៩២​ដង ឈ្នះ​៧២​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ​២​ដង​។ ជំនួប​គ្នា​លើកដំបូង​បែបនេះ​នរណា​ឈ្នះ​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ជា ល័​ក្ខ​លៀក ក្លិប​អមតៈ​គុន​ខ្មែរ​ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ប្រាក់ ឌី​ណា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​

​ពុទ្ធ ម៉ា​ណូយ ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ​អ្នក​ប្រដាល់ យ៉​ន ពិសី ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។ ខ្លា​ចាស់ ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ធី តុង​ហ៊ី ក្លិប​ពន្លឺ​វិបុល ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។​

​អ្នក​ប្រដាល់​ជើង​ថ្មី ទឹម នី សមាគម​ប្រដាល់​ក្រសួងកសិកម្ម ដែល​មិនសូវមាន​នរណា​ស្គាល់​នោះ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សួរ ចាន់​រាជ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម