ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីក្រុមការងារ បានចុះធ្វើផ្ទះចាំចំការ និងផ្តល់គ្រាប់ដំណាំ គ្រឿងឧបភោគបរិភោគ មួយចំនួន ជូនប្រជាកសិករ នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មន្ត្រីសាលាក្រុងប៉ោយប៉ែត បានអោយដឹង កាលពីថ្ងៃទី២១ ខែវិច្ឆិកា នេះថាៈ លោកឧត្តសេនីយ៍ឯក ឡាយ គឹម លី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជានាយកខុទ្ទកាល័យ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក៏ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ រួមជាមួយរដ្ឋបាល ក្រុងប៉ោយប៉ែត នាំយកគ្រឿងឧបភោគបរិភោគ គ្រាប់ពូជដំណាំ និងធ្វើផ្ទះចាំចំការ ដែលជាអំណោយរបស់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជូនដល់ប្រជាកសិករ ចំនួន ១៣ គ្រួសារ ដែលទទួលរងការខូចខាត ដោយសារគ្រោះទឹកជំនន់ ក្នុងរយៈកាលកន្លងមក ។
លោកឧត្តមសេនីយ៍ បាននាំនូវក្តីនឹករលឺក សាកសួរសុខទុក្ខ ពីថ្នាក់ដឹកដឹកនាំ ជូនបងប្អូន ហើយផ្តល់កម្លាំងចិត្ត អោយបងប្អូនជម្នះការលំបាក ហើយស្តារជីវភាពឡើងវិញ ។
នាឱកាសនោះ លោក និងក្រុមការងារ បានផ្តល់នូវអំណោយ ជូនពលរដ្ឋ រួមមាន ផ្ទះចាំចំការចំនួន ៤ ខ្នង គ្រឿងឧបភោគបរិភោគ ចំនួន ១៣ ឃីត ក្នុងមួយៗឃីត មានអង្ករ ២០ គីឡូក្រាម មី ត្រីខ ទឹកត្រី ភួយ ទឹកសុទ្ធ៕/V