ប្រែសម្រួលៈវាសនា/បាងកក៖ជាមួយនឹងការដង្ហែរូបសត្វដាយណូស័រ ដែលតំណាងអោយស្ថាប័នជាន់លើថៃ ពួកសិស្សវិទ្យាល័យថៃកាលពីថ្ងៃសៅរ៍បានដឹកនាំការប្រឆាំងតវ៉ាទាមទារមួយដែលមានការចូលរួមពីមនុស្សរាប់ពាន់នាក់នៅក្នុងទីក្រុងបាងកក។ពួកគេបានអំពាវនាវអោយរដ្ឋាភិបាលចុះចេញពីតំណែងនិងកែទំរង់របបរាជានិយម។
វាជាការជួបជុំតវ៉ាធំលើកដំបូង ចាប់តាំងពីនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ អូចា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសនឹងប្រើច្បាប់ទាំងអស់ប្រឆាំងនឹងអ្នកប្រឆាំងតវ៉ាខុសច្បាប់។
មេដឹកនាំសិស្សអាយុ១៥ឆ្នាំឈ្មោះ បេនចាម៉ាផន នីវ៉ាស បានប្រាប់សារព័ត៌មានរ៉យទ័រថា «យើងតំណាងអោយអាចម៍ផ្កាយកំទេចដាយណូស័រអោយផុតពូជ»។
សូមបញ្ជាក់ថា បេនចាម៉ាផន និងមេដឹកនាំក្រុម«សិស្សគម្រក់»ម្នាក់ទៀតត្រូវប៉ូលិសហៅអោយចូលខ្លួនកាលពីថ្ងៃសុក្រចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងបាតុកម្មមួយមុន តែប៉ូលិសបាននិយាយថា បាតុកម្មកាលពីថ្ងៃសុក្រអាចធ្វើបាន។
ការប្រឆាំងតវ៉ា ដឹកនាំអោយក្រុមនិស្សិតចាប់តាំងពីខែកក្កដាមក ទាមទារចំណុចសំខាន់៣ គឺ ដកអតីតមេយោធាប្រយុទ្ធចេញពីតំណែងនាយករដ្ឋមន្ត្រី រដ្ឋធម្មនុញ្ញថ្មីមួយ និងកែទំរង់របបរាជានិយម។តែពួកសិស្សសាលាក៏ស្វះស្វែងរកសេរីភាពធំឡើង និងការប្រព្រឹត្តកាន់តែត្រឹមត្រូវឡើងក្នុងប្រព័ន្ធអប់រំមួយ ដែលពួកគេនិយាយថាហួសសម័យនិងមានគោលដៅសំខាន់គឺបណ្តុះគំនិតស្តាប់ឱវាទ។អ្នកខ្លះទៀត និយាយអំពីសារសំខាន់នៃសមភាពជេនឌ័រ។
អ្នកនាំពាក្យរដ្ឋាភិបាលក្នុងពេលជាមួយគ្នា បាននិយាយថា លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អ្នកប្រឆាំងតវ៉ា នឹងអនុវត្តសេរីភាពរបស់គេអោយស្របតាមច្បាប់និងបែបស្ថាបនា៕
អ្នកស្លៀកពាក់ជាសត្វដាយណូស័រ ដឹកនាំការប្រឆាំងទាមទាររបស់ក្រុមសិស្សវិទ្យាល័យកាលពីថ្ងៃសៅរ៍នៅក្រុងបាងកក