Home ព័ត៌មានជាតិ នយោបាយ ​អតីតមន្ត្រី​...

​អតីតមន្ត្រី​សង្គ្រោះ​ជាតិ និង​អ្នកវិភាគ​ស្វាគមន៍​ការអំពាវនាវ​របស់លោក​គង់ គាំ បង្រួបបង្រួម​អតីតមន្ត្រី​សង្គ្រោះ​ជាតិ​

​ដោយ​: វង្ស សុភាព / ភ្នំពេញ​: អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​នីតិសម្បទា​ធ្វើ់​នយោបាយ​ឡើងវិញ និង​អ្នក​ដែល​មិន​ជាប់​បម្រាម​នយោបាយ រួមទាំង​អ្នកវិភាគ​បាន​គាំទ្រ​ចំពោះ​ការអំពាវនាវ​របស់លោក​គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​ចង​ជា​សម្ព័ន្ធភាព​ថ្មី​មួយ ដោយ​ប្រមូលផ្ដុំ​អ្នកនយោបាយ​ចាស់​ក្មេង​ដែលមាន​សមត្ថភាព ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​ដោយ​មិនត្រូវ​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ​។​

លោក​គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ

​លោក​ជីវ កត្តា អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​មានប្រសាសន៍ថា ការអំពាវនាវ​របស់​លោក​គង់ គាំ ជាការ​ល្អ ហើយ​អ្នកនយោបាយ អ្នកប្រជាធិបតេយ្យ​ទាំងអស់​គួ​តែ​ជជែក​គ្នា​អំពី​បញ្ហា​ជាតិ​ធំៗ ដើម្បី​ឲ្យ​មានការ​ឯកភាព​ជាតិ អភិវឌ្ឍ​ប្រទេសជាតិ ដែលជា​ផលប្រយោជន៍​ទទួលបាន​ទៅ​ប្រជាពលរដ្ឋ​។​

លោកជីវ កត្តា ប្រធាន គណបក្ស ខ្មែរ ស្រឡាញ់ ជាតិ

​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា ការអំពាវនាវ​របស់​លោក​គង់ គាំ គឺជា​រឿង​ត្រឹមត្រូវ​សម្រាប់​ការប្រកួតប្រជែង​ក្នុង​លទ្ធិប្រជាធិបតេយ្យ បើសិនជា​យើង​មាន​កម្លាំង​និន្នាការ​ក្រៅ​រដ្ឋាភិបាល​ច្រើន អាច​ប្រកួតប្រជែង​បាន មាន​ប្រសិទ្ធភាព លោក​ជឿថា អាចជា​ការល្អប្រសើរ​។ ប្រសិនជា​នៅ​មានការ​រប៉ាត់រប៉ាយ​តូចតាច​ច្រើនពេក លោក​ជឿថា មិនអាច​មានលទ្ធភាព​នឹង​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​បានទេ​។ “​ដូច្នេះ​ដំណើរការ​ប្រជាធិបតេយ្យ​យើង​មិន​ចង់ឃើញ​បក្ស​មួយ​កាន់អំណាច​នៅក្នុង​សភា​ផង នៅក្នុង​រដ្ឋាភិបាល​ផង​ដូ​បច្ចុប្បន្ន​ទេ ហើយ​បើសិនជា​អាចទៅរួច​វា​ជា​រឿង​ល្អ​សម្រាប់​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​យល់ថា តើ ឈរលើ​គោល​ការ​អ្វី​ក្នុងការ​បង្រួបបង្រួម​នឹង និង​ឯកភាព​ទៅលើ​អ្វី​ជាក់លាក់​នោះ បើ​គ្រាន់តែ​ថា​រួបរួម​ខ្ញុំ​ជឿថា​វា​ពិបាក​ណាស់​”​។​

លោក អ៊ូ ច័ន្ទ​រ័ត្ន អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ

​រីឯ​លោក​ខឺ​យ ស៊ី​នឿន មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថា ជាក​ការយល់ឃើញ​របស់លោក​នៅក្នុង​សេចក្តីអំពាវនាវ​របស់​លោក​គង់ គាំ ឲ្យ​អតីត​សង្គ្រោះ​ជាតិ​ប្រមូលផ្តុំ​គ្នា​ឡើងវិញ វា​ជា​ការល្អ​សម្រាប់​អ្នកប្រជាធិបតេយ្យ ប៉ុន្តែ​លោក​ក៏​ស្វាគមន៍​ដែរ​ក្និ​ង​ការបង្រួបបង្រួម​នេះ ប៉ុន្តែ​នៅក្នុង​យន្តការ​នៃ​ការបង្រួបបង្រួម​អ្នកប្រជាធិបតេយ្យ និង​អតីត​សង្គ្រោះ​ជាតិ​នៅក្នុង​វិធី​ណា​ដែល​អាចធ្វើ​ឲ្យ​រួមគ្នា​បាន និង​ក្នុង​គោលការណ៍​អ្វី​?​។​

លោក​ខឺ​យ ស៊ី​នឿន មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​

​ទាក់ទង​ការអំពាវនាវ​ឲ្យ​បង្រួបបង្រួម​អតីតមន្ត្រី​នៃ​អតីត​សង្គ្រោះ​ជាតិ លោក​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មានប្រសាសន៍ថា នេះ​គឺជា​ការឆ្លុះបញ្ចាំង​ពី​ភាពរស់រវើក​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ហើយ​អ្នក​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពី​អតីតមន្ត្រី​សង្គ្រោះ​ជាតិ​ក៏មាន​ចំនួន​ច្រើន ហើយ​អ្នក​ដែល​គាំ​គ្រា​ក៏​នៅមាន​មួយចំនួន​ដែរ ដូច្នេះ​បើសិន​ជាមាន​និន្នាការ​ក្នុងការ​រួបរួមគ្នា​នៃ​អតីត​សង្គ្រោះ​ជាតិ​ឡើងវិញ​វា​ក៏​ជា​រឿង​មួយ​ល្អ​ដែរ ដើម្បី​ចូលប្រឡូក​ក្នុង​សង្វៀន​នយោបាយ​ដោយ​ស្របច្បាប់ និង​សន្តិវិធី ដើម្បី​រួមចំណែក​កសាង​ប្រទេសជាតិ និង​រក្សា​សន្តិភាព​ទាំងអស់គ្នា ជៀសវាង​ការ​ទៅធ្វើ​នយោបាយ​ដែល​មិន​ស្របច្បាប់ ហើយ​ជា​នយោបាយ​ឲ្យ​មាន​ភាពចលាចល​វឹកវរ​ក្នុងសង្គម គឺ​មិន​ត្រូវបាន​ស្វាគមន៍​ទេ​។​

លោក​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា

​លោក​គិ​ន ភា បាន​បន្តថា បើសិនជា​អតីត​សង្គ្រោះ​ជាតិ​រួមគ្នា​ធ្វើ​នយោបាយ​ដើម្បី​ជាតិ ដើម្បី​ប្រជាជន លោក​យល់ថា សង្គម​និង​ប្រជាពលរដ្ឋ​ស្វាគមន៍​។​

​ចំណែក​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា​ថា ការអំពាវនាវ​របស់​លោក​គង់ គាំ គឺជា​ការអនុវត្ត​សិទ្ធិ​នយោបាយ​របស់គាត់​ទេ​។ លោក​គង់ គាំ ដែល​អំពាវនាវ​ចង់​ប្រមូលផ្តុំ​គ្នា​ជា​អតីត​បក្សប្រឆាំង បើសិនណា​គាត់​ប្រមូល​ក៏​អត់​មាន​បញ្ហា​អី​ដែរ និង​មិន​ខុសច្បាប់​ទេ ពីព្រោះ​ជា​សិទ្ធិ​នយោបាយ​របស់គាត់ តែ​បាន​ចំពោះ​អ្នក​ដែល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​រួចហើយ​។ បើសិនណា​ជា​គាត់​អំពាវនាវ​អ្នក​ដែល​មិនទាន់​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ គឺ​អ្នក​ទាំងនោះ​មិន​ហ៊ាន​ចូល​ទេ ឬ​មិន​ហ៊ាន​មក​ចងសម្ព័ន្ធភាព​ជាមួយ​គាត់​ទេ ហើយ​វា​ខុសច្បាប់​។​

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា “​ការអំពាវនាវ​របស់​លោក​គង់ គាំ គឺជា​ចេតនា ជា​សិទ្ធិ​នយោបាយ​របស់គាត់​ដើម្បី​ងាក​មក​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​វា​បានតែ​អ្នកមាន​នីតិសម្បទា​ធ្វើ​នយោបាយ​រួចហើយ​ទេ​។ ដោយ​ចំពោះ​អ្នក​ដែល​មិនទាន់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ គឺ​មិនអាច​ធ្វើជា​មួយ​គាត់​បានទេ​”​។​

​គួរ​បញ្ជាក់ថា ការអំពាវនាវ​របស់​លោក​គង់ គាំ ក្នុង​ការចង់​បង្រួបបង្រួម​អតីតមន្ត្រី​នៃ​អតីត​សង្គ្រោះ​ជាតិ ឡើងវិញ ដោយសារតែ​លោក​ដឹងថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយចោល​នោះ គឺ​មិនអាច​រស់​ឡើងវិញ​។ ហើយ​ការអំពាវនាវ​នេះ ក៏បាន​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក​ម៉ម សូណង់ដូ គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក​ញឹក ប៊ុនឆៃ និង​គណបក្ស​ខ្មែរ​តែមួយ របស់លោក​កែម រិ​ទ្ធិ​សិត បាន​ផ្តួចផ្តើម​ចងសម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ ដើម្បី​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣​ខាងមុខនេះ​។ សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ បន្ទាប់ពី​ការ​ចងសម្ព័ន្ធភាព គឺមាន​គណបក្សនយោបាយ​មួយចំនួន​បានមក​ចូលរួម​ជាមួយ​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងសុខាភិបាល​កំពុង​តែ​...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

បិទ​ផ្សារ​អ៊ី​អន​១ បន្ទាប...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ពុលស្រាសនៅខេត្តកំពង់ឆ្នាំ...

ដោយ: មុនីរ័ត្ន-ទេព កង្រី/...

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...