ស្លាក​កំណត់​ពី​ការ​ផាក​លុយ មាន​ប្រសិទ្ធភាព​ជាង​សីលធម៌ និង​សេចក្តីថ្លៃថ្នូរ​!

​ដោយ​:​ម៉េង​ឆៃ​/ ភ្នំពេញ​: ក្នុង​រយៈ​ចុង​ក្រោយនេះ ក្នុងសង្គម​យើង ពិសេស​នៅ​រាជធានី​ភ្នំពេញ សំរាម ត្រូវបាន​មនុស្ស​មួយ​ក្តាប់​តូច យកទៅ​បោះចោល​ឲ្យ​ផុតៗ​តែ​ពី​ផ្ទះ​ខ្លួនឯង​។ មិន​ថា បោះចោល​នៅមុខ​ផ្ទះ​អ្នកដទៃ នៅ​ដី​ទំនេរ តាម​ប្រឡាយ ឬក៏​នៅ​របង​សាលារៀន និង​នៅតាម​របង​វត្ត​នោះឡើយ សំរាម និង​កាកសំណល់​ទាំងនោះ នៅ​គរ ជះក្លិន និង​រហូតដល់​ស្ទើរតែ​បាំង​ជិត​ផ្លូវ​ក៏មាន​។​

​កន្លងមក ទោះបីជា​ស៊ីន​ទ្រី កើប​ប្រមូល ហើយ​មាន​អ្នក​លាង​បោសសម្អាត​កន្លែង ដែល​មនុស្ស​មួយចំនួន យកទៅ​បោះចោល​ឲ្យ​ផុតពី​ផ្ទះ​របស់ខ្លួន​នោះ ហើយ​មាន​ទាំង​សរសេរ​អក្សរ «​ហាម​បោះចោល​សំរាម​» ក៏ដោយ ក៏​មិនយូរប៉ុន្មាន ទីតាំង​នោះ មាន​សំរាម​នៅ​គរ​ដដែល ជា​ដដែល​។​

​យូរ​ឆ្នាំ​មកហើយ នៅលើ​ផ្លូវ​ណត​ប្រ៊ី​ត កាច់ជ្រុង​សាកលវិទ្យាល័យ​កម្ពុជា និង​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ទីនោះ សំរាម​ត្រូវបាន​គេ​បោះចោល​ខួបប្រាំងខួបវស្សា ហើយ​ឡើងគរ ជា​គំនរ​ដ៏​ធំ និង​ជះក្លិន​ស្អុយ​ភាយ​លើ​អ្នកដំណើរ​ឆ្លងកាត់​។ ស្លាក «​ហាម​ចាក់សំរាម​» ត្រូវបាន​លើក​នៅ​កាច់ជ្រុង​នោះ​។ តែ​លទ្ធផល គឺ​សំរាម នៅតែ​ត្រូវបាន​គេ​ចាក់ បោះចោល​ដដែល​។​

​នៅមាន​កន្លែង​ជាច្រើន​ទៀត ដែល​អ្នក​ស្អាត វេច​ខ្ចប់​សំរាម យកទៅ​បោះចោល ឲ្យ​តែ​ផុតៗ​ពី​ផ្ទះ​របស់ខ្លួន​។ នៅ​កាច់ជ្រុង​សាលារៀន​បឋមសិក្សា ហ៊ុន នាង យ៉ាម៉ា​ប៊ី​កូ តាម​ផ្លូវលំ ចំណុច​ក្រោយ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ក្នុង​សង្កាត់​អូរ​បែកក្អម ក៏​ជា​កន្លែង ដែល​ជន​មួយ​ក្តាប់​តូច យក​សំរាម​ទៅ​បោះចោល​ដែរ ក្នុងពេល​កន្លងមក​។​

​ក៏ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​មុននេះ នៅ​ចំណុច​កាច់ជ្រុង​សាលារៀន​បឋមសិក្សា ហ៊ុន នាង យ៉ាម៉ា​ប៊ី​កូ ត្រូវបាន​អ្នករស់នៅ​ទល់មុខ​នោះ បោសសម្អាត ហើយ​លើ​ស្លាក និង​ចង​តង់​នៅ​កន្លែង ដែល​ធ្លាប់​គេ​យក​សំរាម​ទៅ​បោះចោល​នោះ​។ សំរាម ក៏​លែង​ត្រូវបាន​គេ​យកទៅ​ផ្លុ​ង​បោះចោល​ទៀតហើយ​។​

​នៅតាម​របង​សាលា​វិទ្យាល័យ ជា ស៊ីម សាមគ្គី លើផ្លូវ​លេខ​២៧១ ក៏​លែងឃើញ​មាន​សំរាម​។ នៅ​កន្លែង​ដែល​គេ​បោះចោល​សំរាម​លើ​ចិញ្ចឹម​ផ្លូវ នៅ​របង​វិទ្យាល័យ ជា ស៊ីម សាមគ្គី នោះ ត្រូវបាន​គេ​លើក​ស្លាក ដោយមាន​រូប​សញ្ញា សាលា​រាជធានី​ភ្នំពេញ សរសេរថា «​ហាម​ចោល​សំរាម ពិន័យ ៥០.០០០​រៀល​»​។​

​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ផាកពិន័យ​អ្នក​បោះចោល​សំរាម​ពាសវាល​ពាសកាល​តាម​ទីសាធារណៈ​នូវ​ទឹកប្រាក់​ចាប់ពី ១​ម៉ឺន​រៀល ដល់ ១០​ម៉ឺន​រៀល​។ ប៉ុន្តែ​ការកំណត់​ទឹកប្រាក់​ផាកពិន័យ​នេះ កន្លងមក ហាក់ដូចជា មិន​ត្រូវបាន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ឡើយ​។​

​ប៉ុន្តែ​ឆ្លងតាម​ការសង្កេតមើល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ គឺ​ស្លាក​របស់​សាលា​រាជធានី​ភ្នំពេញ «​ហាម​ចោល​សំរាម​» »​ពិន័យ ៥០០០០​រៀល​» ហាក់ដូចជា មាន​ប្រសិទ្ធភាព ដែល​បានធ្វើ​ឲ្យ​អ្នក​និយម​យក​សំរាម មក​បោះចោល​ឲ្យ​ផុតៗ​ពី​ផ្ទះ​របស់ខ្លួន ហាក់ដូចជា ខ្លាចញញើត និង​លែង​ដឹកជញ្ជូន​សំរាម​កាកសំណល់ មក​បោះចោល​តាម​របង​សាលារៀន​ទៀតហើយ​។​

​ជាការ​ពិត អ្នក​និយម​ស្អាត​តែ​ផ្ទះ​ខ្លួនឯង​នេះ គួរតែ​ដឹងថា ទោះបីជា​ខ្លួន​ខំ​ដឹកជញ្ជូន​សំរាម​ទាំងយប់ ទាំង​ទៀបភ្លឺ យកទៅ​បោះចោល​ឲ្យ​ផុតពី​ផ្ទះ​របស់ខ្លួន ដោយ​មិន​ខ្វល់​ថា នៅមុខ​ផ្ទះ​គេ នៅ​របង​ផ្ទះ​គេ នៅ​របង​សាលារៀន នៅ​របង​វត្ត ជាដើម​នោះ គឺ​អ្នក​ទាំងនោះ ក៏​នៅតែ​ត្រូវ​បង់ប្រាក់​ថ្លៃ​សំរាម តាម​ការកំណត់​របស់​សាលា​រាជធានី​ភ្នំពេញ ជា​ដដែល​ទេ​។ បើ​ក្នុង​រយៈពេល​អន្តរកាល​នេះ អ្នក​មិន​បង់ប្រាក់​ថ្លៃ​សំរាម ក៏​គេ​គិតថា អ្នក​ជំពាក់​ថ្លៃ​សំរាម បូក​ឡើងជា​រៀងរាល់ខែ​។​

​ដូច្នេះ​ចាប់ពីពេលនេះ​តទៅ គួរតែ​ខាង​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​សាលាឃុំ​សង្កាត់ ដើរតួនាទី​ឲ្យ​សំខាន់​ជាង​មុន​។ នោះ​គឺ​លើក​ស្លាក​របស់​សាលា​រាជធានី «​ហាម​ចោល​សំរាម​» «​ពិន័យ ៥០០០០​រៀល​» នៅ​កន្លែង​ដែល​គេ​ចូលចិត្ត​បោះចោល​សំរាម​តាម​របង​សាលា តាម​របង​មន្ទីរពេទ្យ តាម​របង​វត្ត ឬក៏​នៅ​ទីសាធារណៈ​នានា​។ កាំ​ម៉ា​រ៉ា​សុវត្ថិភាព បើ​ចាំបាច់ គួរតែ​បំពាក់​នៅ​ចំណុច​ទាំងនោះ ដើម្បី​ចាប់​ផាកពិន័យ​លើ​អ្នក​បោះចោល​សំរាម ដោយ​គ្មាន​ការលើកលែង​។​

​ម្យ៉ាងទៀត ទន្ទឹមនឹង​វិធានការ​រឹតបន្តឹង និង​ផាកពិន័យ​នេះ អាជ្ញាធរ​សមត្ថកិច្ច ពិសេស​សាលា​រាជធានី​ភ្នំពេញ និង​សាលាខណ្ឌ ក៏​ត្រូវតែ​រៀបចំ​កន្លែង​ស្តុក​សំរាម នៅតាម​តំបន់ ភូមិ និង​សង្កាត់​ឲ្យ​បាន​ច្រើន ហើយ​ធុងសំរាម ក៏​ត្រូវតែ​ដាក់ពង្រាយ​តាម​ទីសាធារណៈ ពិសេស​សួនច្បារ​ឲ្យ​បាន​កាន់តែច្រើន​ដែរ​។​

​ការរៀបចំ​កំណត់​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម ចេញ​កើប​ប្រមូល និង​ដឹកជញ្ជូន​សំរាម​តាម​មុខផ្ទះ​របស់​ប្រជាពលរដ្ឋ ក៏ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ទៀងទាត់ ហើយ​បើ​មិនបាន​រៀងរាល់ថ្ងៃ​ទេ ក៏​សូម​ឲ្យ​មួយអាទិត្យ បាន ២ ទៅ ៣​ដង​ដែរ​។​

​ចូរ​កុំភ្លេចថា បើ​មាន​ធុងសំរាម ហើយ​មាន​កន្លែង​ស្តុក​សំរាម​ត្រឹមត្រូវ និង​មាន​អ្នក​ដឹកជញ្ជូន ប្រមូល​សំរាម​ទៀងទាត់ នោះ​ក៏​ប្រជាពលរដ្ឋ​ខ្មែរ​យើង ក៏​មិន​ខ្វះ​សីលធម៌ និង​សេចក្តីថ្លៃថ្នូរ ក្នុងការ​បោះចោល​សំរាម ក្រៅ​ធុងសំរាម ឬក៏​ត្រូវ​ដឹកជញ្ជូន​សំរាម យកទៅ​ប្លុង​ចោល​ដែរ​។ ប៉ុន្តែ​អ្នក​និយម​យក​សំរាម​បោះចោល​ឱ្យតែ​ផុតៗ​ពី​ផ្ទះ​ខ្លួនឯង ក៏​គួរតែ​ឈប់​ធ្វើ​ដូច្នេះ​តទៅទៀត ព្រោះថា បើ​គេ​ចាប់បាន នឹងត្រូវ​បង់ប្រាក់​ពិន័យ​ដល់​ទៅ ៥​ម៉ឺន​រៀល ហើយ​ស្រួល​មិន​ស្រួល ត្រូវគេ​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ឲ្យ​រឹតតែ​ខ្មាស់​គេ​ថែមទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...