ដោយៈ សរិទ្ធ / ព្រះសីហនុៈ យុវជនម្នាក់ បានស្លាប់ ដោយសាររថយន្តសាំយ៉ុង បុកម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១១២-១១៣ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
នគរបាលស្រុកកំពង់សិលា បានឱ្យដឹងថា រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A-4750 បើកក្នុងទិសដៅ ពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។ លុះមកដល់ចំណុចខាងលើ រថយន្តនេះ បានទៅបុកម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1DP-0932 បើកក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យភាគី អ្នកបើកបរម៉ូតូ ឈ្មោះ សៀន ស៊ឹម អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ស្លាប់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់សាកសពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែកអ្នកបើកបរ រថយន្តបង្កហេតុបានរត់គេចខ្លួនបាត់។ ចំពោះវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់សិលា ដើម្បីរង់ចាំដោះស្រាយ៕/V