ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កម្លាំងនគរបាលជំនាញស្រុកអូរជ្រៅ និងកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំអូរបីជាន់ បានស្រាវជ្រាវ ចាប់ឃាត់ខ្លួន មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀន ហើយបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ថាៈ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ កាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅវេលាម៉ោង ២និង៣០នាទី រសៀល កម្លាំងជំនាញសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបីជាន់ បានចុះបង្ក្រាបមុខសញ្ញា ជួញដូរគ្រឿងញៀន ចំនួន១នាក់ ឈ្មោះ សុខ ចក់ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងការបង្ក្រាបនេះ សមត្ថកិច្ច បានដកហូតថ្នាំញៀន គ្រាប់ពណ៌ក្រហម មានអក្សរ WY ចំនួន១៣៦គ្រាប់ -ថ្នាំគ្រាប់ពណ៌ត្នោត ចំនួន៣គ្រាប់ ម្សៅក្រាមសថ្លា ចំនួន១ថង់ធំ និង២ថង់តូច។
ជនសង្ស័យ បានឆ្លើយសារភាពថាៈ ថ្នាំញៀនទាំងនេះ គឺខ្លួនបានទិញពីឈ្មោះ វី ភេទស្រី អាយុប្រហែល ៣០ ឆ្នាំ នៅក្រុងប៉ោយប៉ែត ហើយយកមកលក់ ចែកចាយបន្ត នៅឃុំអូរបីជាន់នេះ។
ជនសង្ស័យ រួមនឹងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងនគរបាលស្រុក បញ្ជូនមកខេត្ត ហើយការិយាល័យនគរបាលជំនាញ ប្រឆាំងគ្រឿងញៀន បានរៀបសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនិតិវិធី៕/V