ដោយៈ សាតចាន់បុត្រ / មណ្ឌលគិរីៈ ស្នាក់ការបណ្តោះអាសន្ន មានទំហំជិត ៥ ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី របស់កងកម្លាំងមានសមត្ថកិច្ច ដើម្បីពួនស្ទាក់ ចាំបង្ក្រាបបទល្មើស គ្រប់ប្រភេទ ត្រូវបានមនុស្សមួយក្រុម ដឹកនាំដោយ ប្រធានក្រុមប្រឹក្សា ស្រុកកោះញែក គឺលោក យូ ចន្ទី បញ្ជាឲ្យរុះរើ ដោយពុំមានការជូនដំណឹង ជាមុនឡើយ។ ករណីនេះ គឺបានកើតឡើង កាលពីពេលថ្មីៗនេះ នៅចំណុចត្រពាំងត្រាច ត្រង់ផ្លូវបំបែក ចូលទៅឃុំណងឃីឡឹក ចម្ងាយប្រមាណ ៨ គីឡូម៉ែត្រ ពីទីរួមស្រុកកោះញែក។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បានឱ្យដឹងថា ស្នាក់ការ សំរាប់កំលាំងនគរបាល ស្នាក់នៅ ដើម្បីបង្ការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ នៅចំណុចត្រពាំងត្រាច ត្រង់ផ្លូវបំបែកចូលទៅ ឃុំណងឃីឡឹក ចំងាយប្រមាណ ៨ គីឡូម៉ែត្រ ពីទីរួមស្រុកកោះញែក ត្រូវបានលោក យូរ ចន្ទី ប្រធានក្រុមប្រឹក្សា ស្រុកកោះញែក និងបក្ខពួក រុះរើចោលអស់ កាលពីប៉ុន្មានថ្ងៃមុននេះ ។
អ្នកនាំពាក្យដដែល បានបន្តថាៈ ស្នាក់ការនេះ សាងសង់ឡើង ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ដែលមានទំហំ ៤,៦ x ៥,៥ ម. ធ្វើពីឈើ ប្រក់ស័ង្កសី ចំណាយទឹកប្រាក់អស់ ៥.១០០.០០០ រៀល និង ៥០០ ដុល្លារអាម៉េរិក ក្នុងគោលបំណងសំរាប់ កងកំលាំងស្នាក់នៅ ពេលត្រូវការចេញពួនស្ទាក់ បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងសំរាប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ឈប់សំរាក រយៈពេលខ្លី ។
ការរុះរើស្នាក់ការនគរបាលនេះ គឺជាការផ្តល់ឱកាស អោយពពួកជនខឹលខូច កាប់បំផ្លាញព្រៃឈើ និងពួកប្រព្រឹត្តបទល្មើសផ្សេង ឆ្លងកាត់បាន ដោយងាយស្រួលបំផុត ក្នុងការគេចផុតពី ការបង្ក្រាបរបស់សមត្ថកិច្ច គឺជាទង្វើបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ដែលច្បាប់មិនអាចលើកលែងបានឡើយ។
ថ្នាក់ដឹកនាំ ព្រមទាំងកងកំលាំង នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ទាំងអស់ សូមថ្កោលទោស យ៉ាងម៉ឹងម៉ាត់បំផុត ចំពោះទង្វើបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ របស់លោក យូរ ចន្ទី និងបក្ខពួក និងធ្វើការចោទប្តឹង ទៅអយ្យការ អមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។
ករណីរុះរើស្នាក់ការបណ្ដោះអាសន្ន របស់កងកម្លាំង នៅថ្ងៃទី ២២ ខែវិច្ឆិកានេះ ប្រធានក្រុមប្រឹក្សា ស្រុកកោះញែក លោក យូរ ចន្ទី ភ្នាក់ងាររបស់យើង មិនអាចធ្វើការទំនាក់ទំនង បានឡើយ តាមប្រព័ន្ធសារអេឡិកត្រូនិក ៕/V