ដោយៈ សៅ វ៉ាន់ឌី / ព្រះវិហារៈ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាល ខេត្តព្រះវិហារ និងនគរបាល ស្រុកជាំក្សាន្ត ប្រមាណជាង ៤០ នាក់ បានចុះជួយច្រូតស្រូវ ប្រជាកសិករ ចំនួន ២ គ្រួសារ នៅភូមិស្រអែមត្បូង ឃុំកន្ទួតស្រុក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈរដូវប្រមូលផលស្រូវ បានមកដល់ ។
លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងនគរបាល ខេត្តព្រះវិហារ បានឱ្យដឹង នៅព្រឹកថ្ងៃទី២២ វិច្ឆិកា នេះថាៈ ដោយមាន ការណែនាំពីលោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត លោកបានដឹកនាំ កម្លាំងអន្តរាគមន៍ខេត្ត និងកម្លាំង អន្តរាគមន៍ ស្រុកជាំក្សាន្ត សរុបចំនួន ៤២ នាក់ ចុះជួយច្រូតស្រូវ ប្រជាពលរដ្ឋ ២ គ្រួសារ នៅ ភូមិ ឃុំ ខាងលើ។
ប្រជាកសិករ ទាំង ២ គ្រួសារ ឈ្មោះ ហង្ស សុភ័ណ្ឌ និងឈ្មោះ ណុំ គន្ធី បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កម្លាំង នគរបាល ខេត្តព្រះវិហារ ដែលក្រៅពីភារកិច្ច ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងសង្គម គឺបានចូលរួមចែករំលែក នូវ ទុក្ខលំបាក របស់ប្រជាពលរដ្ឋេ កំពុងខ្វះកម្លាំងប្រមូលផល ៕/V