ដោយៈ សរិទ្ធ / កណ្ដាលៈ បុរសម្នាក់ បានស្លាប់ និងម្នាក់ទៀត រងរបួស ដោយសារឆ្លងចរន្តអគ្គិសនី តាមសសររោងការ កាលពីយប់ថ្ងៃទី២១ តែបង្កការភ្ញាក់ផ្អើល នៅម៉ោងប្រមាណ ៦ ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិអាចម៍កុក ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បុរសដែលស្លាប់ ឈ្មោះ អេង អឿន អាយុ៣៩ឆ្នាំ មុខរបរ ជាមេចុងភៅ រស់នៅភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រពន្ធជនរងគ្រោះ ឈ្មោះ ម៉ម ធំ អាយុ៤០ឆ្នាំ មុខរបរ កម្មការិនី បានដឹងថាៈ នៅថ្ងៃទី២១ ខែវិច្ឆិកា ប្តីរបស់គាត់ បានទទួលធ្វើម្ហូប (ចុងភៅ) រោងការទាំងអស់តែម្តង ។ លុះនៅម៉ោង ៨ យប់ មេឃចាប់ផ្តើមភ្លៀង និងមានខ្យល់កន្ត្រាក់ យ៉ាងខ្លាំង ធ្វើឱ្យប្តីរបស់គាត់ និងកម្មករ ប្រហែល ៣ នាក់ទៀត នាំគ្នាទៅជួយទប់រោងការ ព្រោះរោងចុងភៅ ត្រូវខ្យល់បក់បោក ឡើងប៉ើង ធ្លាក់ទៅក្នុងប្រឡាយ បាត់ហើយ ។
ប្រពន្ធជនរងគ្រោះ បានបន្តថាៈ លុះពេលក្រុមគាត់ទាំង ៤ នាក់ ទៅកាន់សសររោងការ ដែលធ្វើពីដែក ក៏ស្រាប់តែមានចរន្តភ្លើង ឆ្លងមកឆក់ឈ្មោះ ណាក់ តែឈ្មោះ ណាក់ បានកន្ត្រាក់ដកដៃវិញទាន់ ទើបមិនបណ្តាល ឲ្យគ្រោះថ្នាក់ទេ គ្រាន់តែរបួសតិចតួច ។ ពេលជួបហេតុការណ៍ដូច្នេះ ឈ្មោះ ណាក់ បានមកប្រាប់គាត់ (ប្រពន្ធជនរងគ្រោះ) ថា ខ្លួនត្រូវខ្សែភ្លើងឆក់ ហើយក៏ដើទៅដេក បាត់ទៅ ។
ប្រពន្ធជនរងគ្រោះ បានបន្តទៀតថាៈ ចំណែកកម្មករ ២ នាក់ទៀត ក៏ដើរចេញ លែងនៅទប់រោងការនោះដែរ គឺនៅសល់តែប្តីគាត់ នៅទប់រោងការម្នាក់ឯង ព្រោះខ្លាចខ្យល់ប៉ើង ធ្លាក់ប្រឡាយ ដូចរោងចុងភៅទៀត ដោយមិនដឹងថា រោងការនេះ មានឆ្លងចរន្តអគ្គិសនី នោះទេ។
ប្រភពដដែល បានបន្តថាៈ ក្រោយមក ឈ្មោះ សិត ដែលជាម្ចាស់ដើមការ បានរត់ទៅដកព្រីភ្លើងចេញ រួចដើរទៅមើលជុំវិញរោង ក៏ស្រាប់តែឃើញជនរងគ្រោះ ដួលផ្កាប់មុខ លេចកប់ទៅក្នុងទឹក សល់តែសក់ក្បាល នៅក្បែរសសររោងប៉ុណ្ណោះ ទើបគេនាំគ្នាស្ទុះ ទៅលើកគាត់ឡើង តែជាអកុសល ជនរងគ្រោះ បានស្លាប់ទៅហើយ ។
ដោយសារតែមិនអស់ចិត្ត ទើបក្រុមគ្រួសារ បានដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែក ជ័យជំនះ ដើម្បីសង្គ្រោះ។ ប៉ុន្តែពេលទៅដល់ ត្រូវគ្រូពេទ្យ ប្រាប់ថា «ជនរងគ្រោះ បានដាច់ខ្យល់ បាត់បង់ជីវិត ទៅហើយ។ ពេលនោះ ក្រុមគ្រួសារ ក៏បានដឹកសពជនរងគ្រោះ ត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕/V