ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖កាលពីថ្ងៃអង្គារសប្តាហ៍មុន រដ្ឋការលោកត្រាំបានប្រកាសកាត់បន្ថយចំនួនទាហានអាម៉េរិកឈរជើងនៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ ជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំជាមួយក្រុមតាលីបង់នៅឆ្នាំនេះ និងការសន្យាក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ០១៦របស់លោក ដែលថានឹងបញ្ចប់សង្គ្រាមអូសបន្លាយក្នុងលោកដែលទាហានអាម៉េរិកចូលពាក់ព័ន្ធ។
យោងតាមក្រសួងការពារជាតិអាម៉េរិក ពេលចុងក្រោយដែលយន្តហោះទម្លាក់គ្រាប់បែកB-52 ‘Stratofortress’នៅតំបន់មជ្ឈិមបូព៌ាគឺដើមឆ្នាំ២០២០
បញ្ជាការកណ្តាលអាម៉េរិក បានបញ្ជូនយន្តហោះB-52 ទៅកាន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងវត្តមានយុទ្ធសាស្ត្រនៃកងទ័ពអាកាសអាម៉េរិក និងជាមធ្យោបាយ«រារាំងការឈ្លានពានរួមទាំងធានាអះអាងឡើងវិញដៃគូនិងសម្ពន្ធមិត្តរបស់អាម៉េរិក» នេះបើតាមេចក្តីថ្លែងការរបស់យោធាអាម៉េរិកកាលពីថ្ងៃសៅរ៍។
ចំណាត់ការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានអំពីការសំរេចចិត្តរបើលោកត្រាំដើម្បីដកទាហានផ្នែកបន្ទាប់ចេញពីតំបន់នេះ យ៉ាងយូរនៅត្រឹមថ្ងៃ១៥វិច្ឆិកា ឆ្នាំ២០២១ បន្ថែមលើការដកទាហានអាម៉េរិកចេញពីអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានមួយៗប្រទេសប្រមាណ២.៥០០នាក់។
ឧត្តមសេនីយ៍ ក្រេក ហ្គីលឡុត មេបញ្ជាការកងទ័ពអាកាសទី៩របស់អាម៉េរិក បាននិយាយថា «បេសកកម្មនេះត្រូវបានប្រាប់ជាមុនតែបន្តិច ដើម្បីអោយទាហានមានលទ្ធភាពប្រតិកម្មរហ័ស ដើម្បីរារាំងការឈ្លានពានណាមួយ។បេសកកម្មនេះជួយពួកនាវិកនយន្តហោះទម្លាក់គ្រាប់បែកអោយស៊ាំនឹងដែនអាកាសក្នុងតំបន់និងការបញ្ជា ហើយអនុញ្ញាតអោយពួកគេសម្របសម្រួលជាមួយកងកម្លាំងអាកាសតំបន់ ដើម្បីបង្កើនភាពត្រៀមប្រយុទ្ធរបស់កងកម្លាំង»។
បេសកកម្មនេះត្រូវបានធ្វើឡើងស្របគ្នានឹង វត្តមានរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ នៅកិច្ចចរចាសន្តិភាពជុំថ្មីរវាងក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នៅប្រទេសកាតា។
រដ្ឋមន្ត្រីការបរទេសអាម៉េរិក ជួបប្រធានចរចាក្រុមតាលីបង់ ក្នុងអំឡុងពេលពិភាក្សារកសន្តិភាពរវាងក្រុមតាលីបង់និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានកាលពីថ្ងៃ២១វិច្ឆិកា
សូមរំលឹកថា ក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ០១៦ លោកត្រាំបានសន្យាបញ្ចប់«សង្គ្រាមគ្មានទីបញ្ចប់»របស់កងទ័ពអាម៉េរិកនៅបរទេស ដោយសន្យាយ៉ាងហោចណាស់ដកទាហានអាម៉េរិកនៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន។
ត្រាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថានកាលពីខែកុម្ភៈ និងអាម៉េរិកបានចាប់ផ្តើមដកទាហានចេញពីទឹកដីនេះភ្លាមផងដែរ។បច្ចុប្បន្ន អាម៉េរិកមានទាហានប្រមាណ៣.០០០នាក់នៅអ៊ីរ៉ាក់ និង៤.៥០០នាក់នៅអាហ្វហ្គានីស្ថាន៕