ដោយៈ ដេប៉ូ / ភ្នំពេញៈ គ្រឿងបរិក្ខារ ជួយកាត់បន្ថយ ក្នុងការបញ្ចេញកាបូន ជាច្រើនគ្រឿង ដែលជាផ្នែកមួយ ចូលរួមគាំពារ និងក៏ដូចជា ចាត់វិធានការកាត់បន្ថយ ការប្រែប្រួល អាកាសធាតុនៅកម្ពុជា ត្រូវបានរដ្ឋាភិបាល ប្រទេសចិន ផ្តល់ឱ្យអាជ្ញាធរ នៅខេត្តព្រះសីហនុ ជាច្រើនគ្រឿង ដើម្បីយកទៅប្រើប្រាស់ តាមសាលារៀន ក៏ដូចជាទីសាធារណៈ ក្នុងខេត្តនេះ។
មន្ត្រីនៃក្រសួងបរិស្ថាន បានឱ្យដឹងថាៈ គ្រឿងបរិក្ខារទាំងអស់នេះ ត្រូវបានគេដឹក មកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្នុងនេះ មានដូចជា ១- អំពូលសូឡា ចំនួន ២.៨០០ គ្រឿង។ ២- អំពូល ផ្ទាំងសូឡា ចំនួន ២០០ កំប្លេ។ ៣- ម៉ូតូអគ្គិសនី ចំនួន ២០០ គ្រឿង ។
គួរបញ្ជាក់ថា ការផ្តល់អំណោយសម្ភារ និងបរិក្ខារកាត់បន្ថយ ការបញ្ចេញកាបូននេះ ត្រូវបានធ្វើឡើង ក្រោមគម្រោងសាកល្បង បញ្ចេញកាបូនតិច នៅខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះ សម្ភារ និងបរិក្ខារទាំងអស់ បានមកដល់កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួចហើយ ហើយនឹងត្រូវបំពាក់ តាមសាលារៀន និងទីសាធារណៈ នៅថ្ងៃខាងមុខ។
ជាមួយគ្នានេះ ចំពោះជំនួយជាសម្ភារ និងបរិក្ខារកាត់បន្ថយ ការបញ្ចេញកាបូន ខាងលើនេះ បានផ្តល់ជូនមក ប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ គម្រោងសាកល្បង បញ្ចេញកាបូនតិច នៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខា កាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន។
មន្ត្រីនៃក្រសួងបរិស្ថាន បានថ្លែងថាៈ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថាន បានលើកទឹកចិត្ត ដល់តួអង្គពាក់ព័ន្ធ ទាំងអស់ ឱ្យចូលរួមសកម្មភាព លើកកម្ពស់ការយល់ដឹង អំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការ កាត់បន្ថយការប្រែប្រួល អាកាសធាតុ នៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព៕/V