ដោយៈ ដេប៉ូ / ភ្នំពេញៈ កាកសំណល់ ដែលជាសារជាតិប្លាស្ទិក គ្រប់ប្រភេទ ក្នុងមួយឆ្នាំៗ ប្រមាណជិត ២០០ តោន ត្រូវបានទប់ស្កាត់ និងប្រមូលចេញ មិនឱ្យហូរចូល បឹងទន្លេសាប នៅភូមិសាស្ត្រ ខេត្តសៀមរាប។
ថ្លែងបញ្ជាក់ នៅក្នុងពិធីប្រារព្ធ ទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាប រដូវទឹកសម្រក ប្រចាំឆ្នាំ២០២០ លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ថាៈ បឹងទន្លេសាប ត្រូវបានបំពុល ដោយថង់ប្លាស្ទិក ទាំងសហគមន៍ ដែលរស់នៅលើ បឹងទន្លេសាបនេះផង និងការហូរនាំយកប្លាស្ទិក ដែលបងប្អូនប្រជាពលរដ្ឋ បោះចោលគ្មានសណ្តាប់ធ្នាប់ តាមព្រែក តាមស្ទឹងនានា ចាក់ចូលមក ក្នុងបឹងទន្លេសាបផង។
ទោះបីយ៉ាងណា លោករដ្ឋលេខាធិការ បានបញ្ជាក់ថាៈ សារជាតិប្លាស្ទិក គ្រប់ប្រភេទ ក្នុងមួយឆ្នាំៗ ប្រមាណជិត ២០០ តោន ត្រូវបានទប់ស្កាត់ និងប្រមូលចេញ មិនឱ្យហូរចូល បឹងទន្លេសាប នៅភូមិសាស្ត្រ ខេត្តសៀមរាប ដែលជាផ្នែកមួយ ចូលរួមថែរក្សាបរិស្ថាន ដើម្បីនិរន្តរភាពទីស្អាត មានមេត្រីភាពបរិស្ថាន ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅ ដោយចីរភាព។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានលើកឡើងថាៈ ចំពោះការអប់រំ និងផ្សព្វផ្សាយ លើផលប៉ះពាល់ ពីសំណល់ប្លាស្ទិក ពិតជាមានសារៈសំខាន់ និងត្រូវធ្វើជាប្រចាំ ហើយជាមួយគ្នានេះ ត្រូវមានការចូលរួម អនុវត្តជាប្រចាំ រួមនឹងបង្កើតគំនិតផ្តួចផ្តើម ផ្សេងៗ ដើម្បីប្រសិទ្ធភាព នៃការកាត់បន្ថយ ការបំពុលដោយប្លាស្ទិក ក្នុងបឹងទន្លេសាប។
បើតាមការឱ្យដឹងរបស់ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ស្ថានភាពគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន របស់ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២០នេះ គឺបរិមាណបង្កើតសំណល់ ប្រមាណ ៥០៦ តោន ក្នុងមួយថ្ងៃ ហើយបរិមាណកែច្នៃឡើងវិញ មានប្រមាណ ១០៣ តោន ក្នុងមួយថ្ងៃ (អាជីវករប្រមូលទិញអេតចាយ មានចំនួន ៤៩ ទីតាំង) បរិមាណសំណល់ ប្រមូលយកទៅដាក់ ទីលានចាក់សំរាម ប្រមាណ ២៤១ តោន ក្នុងមួយថ្ងៃ ហើយបរិមាណសំណល់ ដែលបោះចោល ដោយខុសច្បាប់ ប្រមាណ ១៦២ តោន ក្នុងមួយថ្ងៃ ដែលបានដុតចោល បោះចោលតាមដងផ្លូវ និងប្រឡាយសាធារណៈ៕/V