ឆ្នាំជូត
រាសីល្អជាមធ្យម។ លោកអ្នកកើតឆ្នាំកណ្តុរនៅថ្ងៃច័ន្ទនេះដួងរាសីមានត្រឹមកម្រិតមធ្យមហេតុនេះ កិច្ចការតូចធំតែងជួបនូវការលំបាកបន្តិចពិសេសងាយត្រូវមានបញ្ហានាពេលក្រោយថែមទៀត។ការរស់នៅក្នុងពេលនេះលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើព្រោះនាំកើតឧបទ្រពចង្រៃការរស់នៅមានតែភាពប្រទាំងប្រទើសប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នាហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនត្រូវតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសច្រើនឡើយទើបបានសុខស្រួលខ្លួនជាងនេះ។ចំពោះបុរសត្រូវមានចិត្តត្រជាក់ហើយធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។ទាំងស្ត្រីបុរសលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ហើយចេះពិនិត្យសភាពការណ៍ឱ្យបានស្រួលបួលពីព្រោះអាចមានក្រុមមនុស្សបាបមិត្តចង់វាយប្រហារទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពតែលតោលនិងមានការខ្វាយខ្វល់ពីជីវិតអនាគតរបស់ខ្លួនរាប់រយជំពូក៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកកើតឆ្នាំខ្លាតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាការសម្រេចចិត្តអ្វីមួយតែងងាយភ្លាំងភ្លាត់និងមានបញ្ហាច្រើនជាងសព្វមួយដង។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតលោកអ្នកជួបបញ្ហានឿយហត់ច្រើនហើយធ្វើអ្វីក៏ជួប បញ្ហាប្រទាំងប្រទើសច្រើនផង។សម្រាប់ថ្ងៃនេះដែរការចរចាអ្វីមួយក៏ច្រើនត្រូវគេបដិសេធនិងបើទទួលខុសត្រូវការងារក៏ត្រូវគេរិះគន់ផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញផលចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។
រីឯសេចក្តីស្នេហាប្រុសស្រីជួបបញ្ហារកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើនដូចនេះម្នាក់ៗមិនត្រូវប្រកាន់ចិត្តខ្លាំងដាក់ខ្លួននោះ ទើបពុំមានបញ្ហាមិនល្អកើតឡើង៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះស្ត្រីលោកអ្នកត្រូវចេះតស៊ូឧបសគ្គចំពោះមុខច្រើន ប៉ុន្តែសម្រាប់ បុរសមិនថ្វីទេពីព្រោះថាធ្វើអ្វីក៏តែងហុចផលមកវិញមួយចំនួនផង។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរការរកផលចំណេញជួបភាពតានតឹងណាស់ ដូច្នេះហើយកុំគប្បីរកបានដោយ តឹងហើយប្រឹងចាយវាយដៃធំឱ្យសោះប្រយ័ត្នជួបវិបត្តិថវិកាទៅពឹងពាក់អ្នកដទៃនាំគេមាក់ងាយ។
សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខគួរសមតែយ៉ាងណាការបាក់បែកក៏ងាយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅពេលនេះលោកអ្នកឱ្យប្រយ័ត្នប្រយែងបញ្ហាសុខភាពដែលអាចជួបនូវការឈឺថ្កាត់ខ្លះៗយាយី។ក្រៅពីនេះលោកអ្នកក៏តែងកើតនូវរឿងរាវទុក្ខកង្វល់យាយីមួយចំនួនផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមិនមានអ្វីលេចធ្លោទេគឺការជួញដូរទាំងធំទាំងមធ្យមឬការរកស៊ីកំប៉ិកកំប៉ុកក្តីមានការហូរចូលនូវផលកម្រៃសន្សឹមៗគ្រាន់ចិញ្ចឹមឆ្នាំងបាយដែរ។
សម្ព័ន្ធស្នេហាប្រុសស្រីត្រូវចេះស្រុះស្រួលមូលមតិគ្នាដោយមិនត្រូវប្រឆាំងគ្នាច្រើនឡើយបើពុំនោះកើតមានតែរឿងរាវរកាំរកូសឥតឈប់៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយងាយភ្លាំងភ្លាត់និងជួបបញ្ហាលំបាកនាពេលក្រោយវិញហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានពាក្យថាឧបទ្រពមិនល្អឈានចូលកើត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកប្រាក់ចំណូលទោះបីជាជួបផលលំបាកម្តេចម្តាបែបណាក្តីតែលោកអ្នកក៏អាចរកបានគ្រាន់ផ្គត់ផ្គង់ជីវភាពជានិច្ច។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពល្អក់កករច្រើនដូចនេះបើចេះអត់ឱនឱ្យគ្នាហើយបើកចិត្តទូលាយជាងនេះទើបប្រសើរហោង៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅពេលនេះលោកអ្នកបើមានកិច្ចការតូចធំអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗក៏តែងផ្តល់ឱ្យគ្រាន់ជាទីកក់ក្តៅផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវាចាប់តែអាធំនោះ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមានជោគសិរីហើយទោះធ្វើអ្វីក៏តែងទទួលផ្លែផ្កា ត្រឡប់មកវិញ គ្រាន់ជាទីពេញចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវបង្អង់ដៃឡើយពុំនោះសោតទេឈានដល់ថ្ងៃមិនល្អវិញការរកផលកម្រៃនឹងជួបការលំបាកបំផុតមិនងាយដោះស្រាយជីវភាពបាននោះឡើយ។ការធ្វើដំណើរជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំត្រូវចេះអប់រំខ្លួនឯងឱ្យមែនទែនហើយបើឃើញថាមានស្នេហាភ្លើតភ្លើនត្រូវតែបោះបង់ចោលយ៉ាងប្រញាប់បើពុំនោះនឹងទទួលរែកពន់ផលលំបាកធ្ងន់ធ្ងរនៅពេលក្រោយ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នាថ្ងៃនេះលោកអ្នកធ្វើអ្វីឃើញថាជឿនលឿននិងមានភាពស្រស់ស្រាយជានិច្ច។ លោកអ្នកអាចមានក្រុមមនុស្សជួយជ្រោមជ្រែងឱ្យរួចចាកផុតពីគ្រាលំបាកទៀតផង។ ចំពោះ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការ ផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នករង់ចាំដំណឹងល្អឬប្រាថ្នាចង់បានអ្វីមួយឃើញថាក៏តែងឆ្លើយតបជាលទ្ធផលគ្រាន់បានដូចបំណងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផល ចំណូលទីជិតឆ្ងាយទោះពុំសូវផ្តល់ផលល្អពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ជានិច្ច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពជឿនលឿនទៅមុខនិងកំពុងមានភាពស្រុះស្រួលគ្នាប្រពៃ ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវសុខស្រួលខ្លួនប៉ុន្មានទេគឺតែងមានរឿងរ៉ាវប្រទាំងប្រទើសនិងក្រុមមនុស្សបៀតបៀនយាយីច្រើន។លោកអ្នកមានការខ្វាយខ្វល់ហើយទោះធ្វើអ្វីៗការទើសមុខទើសមាត់ឥតឈប់ឈរទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនសឹមអនុវត្តជាក្រោយទើបអាចទទូលផលសម្រេចល្អ។
បញ្ហាសេចក្តីស្នេហាប្រុសស្រីមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នកើតរឿងឈានដល់ការបែកបាក់៕