ដោយៈ គង់ហេង / កំពង់ចាមៈ មន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជួន បានថ្លែងថាៈ ក្រសួងសាធារណការ នឹងចាប់ស្ថាបនា បណ្តាញលូ និងប្រព័ន្ធច្រោះសម្អាតទឹកកខ្វក់ នៅក្នុងក្រុងកំពង់ចាម នាដើមឆ្នាំក្រោយ ២០២១ នេះ ហើយនឹងបញ្ចប់ការស្ថាបនា នៅមុនឆ្នាំ ២០២៣ ប៉ុន្តែស្នើឱ្យអាជ្ញាធរខេត្តកំពង់ចាម ជួយសិក្សាពីទិន្នន័យ ដីចំណីថ្នល់ ជុំវិញផលប៉ះពាល់សំណង់។
នេះបើតាមការប្រកាសឱ្យដឹង របស់លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជួន នៅក្នុងកិច្ចប្រជុំ ពិនិត្យសម្រេច ទីលានកប់សំរាម ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង ៤ របស់អន្តរក្រសួង នៅសាលាខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួម ពីលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តនេះ និងមន្ត្រីពាក់ព័ន្ធ នៅរសៀលថ្ងៃទី២០ វិច្ឆិកា កន្លងទៅ ថ្មីៗនេះ។
លោកអនុរដ្ឋលេខាធិការ រូបនេះ បានមានប្រសាសន៍ថាៈ គម្រោងបណ្តាញលូ និងប្រព័ន្ធច្រោះសម្អាតទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម យើងបានរៀបចំឯកសារ ដាក់ដេញថ្លៃរួចហើយ។ នៅសប្តាហ៍ក្រោយនេះ ខាងក្រុមការងារ និងខាងទីប្រឹក្សា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងចុះមកសិក្សាវាស់វែង អង្កេតលម្អិត អំពីផលប៉ះពាល់ ពីការរៀបចំបណ្តាញលូ នៅក្នុងក្រុងកំពង់ចាមនេះ។
លោក វង្ស ពិសិដ្ឋ បានមានប្រសាសន៍ទៀតថាៈ យើងមានគម្រោងថា កាលវិភាគនេះ គ្មានការផ្លាស់ប្តូរទេ។ បើក្រសួងបរិស្ថាន ចេញលិខិតបញ្ជាក់ថា ស្ថានីយ៍ចម្រោះទឹកកខ្វក់ ធ្វើបាន គឺយើងគ្រោងចុះកិច្ចសន្យា នៅបំណាច់ឆ្នាំ២០២០នេះ ដោយចាប់ផ្តើមដំណើរការ សាងសង់នៅដើមឆ្នាំ២០២១ ហើយនឹងបញ្ចប់ការស្ថាបនា នៅមុនឆ្នាំ២០២៣។
លោកបានបន្តថាៈ ជុំវិញបញ្ហានេះ យើងសូមឱ្យអាជ្ញាធរខេត្ត ជួយពន្លឿន ទិន្នន័យដីចំណីថ្នល់ ក្នុងក្រុងកំពង់ចាម។ ព្រោះថា បើការសាងសង់ប៉ះពាល់សំណង់ យើងត្រូវទូទាត់យ៉ាងម៉េច ដើម្បីឱ្យខាងក្រសួងសាធារការ និងដឹកជញ្ជួនគណនា ទៅបាន លុះត្រាតែដឹងទាំងអស់ នៃដីចំណីថ្នល់ ក្នុងក្រុងកំពង់ចាម ឱ្យលឿន គឺក្នុងមួយ ឬពីរសប្តាហ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជួន និងទីប្រឹក្សាបច្ចេកទេស របស់ ADB នឹងចុះមកវាស់វែងលម្អិត។
លោកបានបន្ថែមថាៈ ចំណែកទីលានកប់សំរាម ក៏អីចឹងដែរ ប្រសិនបើអាចទៅមុខដូចគ្នា គឺយើងនឹងចាប់ផ្តើមសាងសង់ នៅដើមឆ្នាំក្រោយ ២០២១ គឺនឹងបញ្ចប់នៅមុន ឆ្នាំ២០២៣ ដូចគ្នា។ ប៉ុន្តែឥឡូវ យើងជួបបញ្ហារឿងទីតាំង អាចនឹងពន្យារគម្រោង ទីលានកប់សំរាមសិន គឺជំរុញគម្រោងបណ្តាញលូ និងប្រព័ន្ធច្រោះសម្អាតទឹកកខ្វក់ ក្នុងក្រុងកំពង់ចាមនេះ។
គួរបញ្ជាក់ថា គម្រោងអភិ វឌ្ឍន៍ក្រុងរបៀង៤ ក្រោមកម្ចីឥណទានសម្បទាន របស់ ADB ផ្តោតលើការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ក្រុងកំពង់ចាម ក្រុងក្រចេះ និងក្រុងស្ទឹងត្រែង រួមមានការងាររៀបចំបណ្តាញលូ ប្រព័ន្ធការពារទឹកជំនន់ ប្រព័ន្ធច្រោះសំអាត ទឹកកខ្វក់ និងទីលានកប់សំរាម ។
សម្រាប់ខេត្តកំពង់ចាម គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ បានសម្រេចជ្រើសរើស ទីតាំងទីលានកប់សំរាម ស្ថិតនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ មានចំងាយ ១៥ គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងកំពង់ចាម។ ទីលានកប់សំរាមថ្មី ត្រូវបានកសាងនូវ ហេដ្ឋារចនាសម្ព័ន្ធ រួមមាន អគារការិយាល័យ កន្លែងញែក និងទុកដាក់សំណល់រឹង ដែលអាចកែច្នៃឡើងវិញ ឃ្លាំងទុកដាក់ សំណល់ ដែលអាចគ្រោះថ្នាក់ ប្រព័ន្ធគ្រប់គ្រង និងរំដោះទឹកសម្អុយ ទឹកភ្លៀង រួមនឹងរណ្តៅធំ ចំនួន២ អាចទទួលបរិមាណ សំរាម ប្រមាណ ៤០៨.១៩១ ម៉ែត្រត្រីគុណ។
គោលបំណងចម្បង នៃការរៀបចំទីលានកប់សម្រាប់ ដើម្បីផ្តល់នូវវិធានការត្រួតពិនិត្យ ប្រកបដោយប្រសិទ្ធិភាព និងជាពិសេស ការបំពុលទឹកលើដី ទឹកក្រោមដី ដី និងខ្យល់ ក៏ដូចជាហានិភ័យ ដែលជាលទ្ធផលអាក្រក់ ដល់សុខភាពមនុស្ស សត្វ ដែលកើតមានឡើង ពីទីលានចាក់សំរាម៕/V