ប្រែសម្រួលៈវាសនា/ប៉ារីស៖សត្វសំពោចចិញ្ចឹមឆ្លងវីរុសដែលត្រូវបានរកឃើញនៅបារាំង នឹងត្រូវសម្លាប់ចោលក្រោយរកឃើញវីរុសកូរ៉ូណានៅកសិដ្ឋានមួយនៅប៉ែកខាងលិចប្រទេស។
សត្វសំពោច១ពាន់ក្បាល នឹងត្រូវសម្លាប់ចោលក្រោយការធ្វើតេស្តិ៍រកឃើញវីរុសនៅកសិដ្ឋានមួយក្នុងតំបន់ Eure-et-Loire នៅពេលបារាំងចាប់ផ្តើមធ្វើតេស្តិ៍បណ្តាកសិដ្ឋានចិញ្ចឹមសំពោចរបស់ខ្លួនតាំងពីពាក់កណ្តាលខែមក។
វាកើតឡើងក្រោយពួកមន្ត្រីបិទផ្នែកខ្លះនៃប្រទេសដាណឺម៉ាកខាងជើង កន្លែងដែលផ្ទុះការឆ្លងវីរុសកូរ៉ូណាក្នុងចំណោមសត្វសំពោចនិងមានការបញ្ជាអោយសម្លាប់សត្វចិញ្ចឹមយករោមនេះចំនួន១៧លានក្បាលនៅពេលមុននេះក្នុងខែវិច្ឆិកានេះ ដើម្បីទប់កុំអោយវីរុសប្រភេទនេះរីករាលដាល។
ករណីសំពោចកើតកូវីដ១៩នេះក៏ត្រូវបានរាយការណ៍នៅកន្លែងផ្សេងទៀតនៅអឺរ៉ុប ដូចជាស៊ុយអែត ក្រិចនិងហូឡង់។
សូមបញ្ជាក់ថា វីរុសកូរ៉ូណាសំពោចប្រែរូប៥ប្រភេទផ្សេងគ្នា ត្រូវបានរកឃើញក្នុងខ្លួនមនុស្ស២១៤នាក់នៅដាណឺម៉ាកចាប់តាំងពីខែមិថុនាមក នាំអោយមានការសម្លាប់សត្វសំពោច១៧លានក្បាលចោលនៅក្នុងប្រទេសនេះដោយខ្លាចក្រែងវីរុសប្រភេទនេះឆ្លងមកមនុស្សនិងរាលដាលដូចកូវីដ១៩សព្វថ្ងៃ ដែលនឹងនាំអោយវ៉ាក់សាំងដែលប្រុងនឹងចេញប្រើលែងមានប្រសិទ្ធភាព៕