អាម៉េរិក​សង្ឃឹម​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ដល់​មនុស្ស​នៅ​ខែ​ធ្នូ ខណៈ​ករណី​ឆ្លង​បន្ត​កើនឡើង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សហរដ្ឋ​អាម៉េរិក ៖ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២២​វិច្ឆិកា​ថា​សហរដ្ឋ​អាម៉េរិក​សង្ឃឹមថា​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​​ការពារ​វីរុស​កូរ៉ូ​ណា​នៅ​ដើម​ខែ​ធ្នូ​នេះ ដែល​នេះ​ជា​ព័ត៌មាន​វិជ្ជមាន​ចុងក្រោយបង្អស់​ដែល​លេច​ចេញ​ឡើង ទោះបី​ករណី​ឆ្លង​បន្ត​កើន​ឡើង​នៅ​ទូទាំង​ប្រទេស​។​

​ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​អាច​ជា​ការផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង​១,៤ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ក្នុងនោះ​មាន ២៥៥.០០០ នាក់​នៅ​សហរដ្ឋ​អាម៉េរិក ចាប់តាំងពី​វីរុស​នេះ​លេចចេញ​ពី​ប្រទេស​ចិន​ដំបូង​កាលពី​ចុងឆ្នាំ​មុន​។​

​លទ្ធផល​គួរ​ជាទី​រំពឹង​ពី​ការសាកល្បង​វ៉ាក់សាំង​បាន​ជំរុញ​ក្តីសង្ឃឹម​សម្រាប់​ការបញ្ចប់​ជំងឺ​រាតត្បាត​នេះ ខណៈ​ប្រទេស​នានា​បាន​ដាក់ចេញ​នូវ​ការ​រឹតត្បិត​និង​ការបិទទ្វារ​ខេត្ត​ក្រុង​ដែល​បាន​ពន្យារពេល​​នៃ​ការឆ្លង​រាលដាល​នៅ​ដើមឆ្នាំ​នេះ ប៉ុន្តែ​បាន​ធ្វើឱ្យ​ជីវិត​និង​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​នៅ​ទូទាំង​ពិភពលោក​។​

​បេក្ខជន​វ៉ាក់សាំង​ឈាន​មុខ​គេ​ចំនួន ២ គឺ​វ៉ាក់សាំង​មួយ​ផលិត​ដោយ​ក្រុមហ៊ុន Pfizer និង​ដៃគូ​អាល្លឺម៉ង់ BioNTech និង​វ៉ាក់សាំង​មួយទៀត​ផលិត​ដោយ​ក្រុមហ៊ុន​អាម៉េរិក Moderna​បានបង្ហាញ​ប្រសិទ្ធ​​ភាព ៩៥ ភាគរយ​នៅក្នុង​ការសាកល្បង ហើយ​ក្រុមហ៊ុន Pfizer បាន​ដាក់​ពាក្យ​ស្នើសុំ​ការយល់ព្រម​ជា​បន្ទាន់​រួច​ហើយ​ពី​អាជ្ញាធរ​សុខភាព​អាម៉េរិក​។​

​លោក ម៉ុន​សេ​ហ្វ ស្លា​វី ប្រធាន​កិច្ចប្រឹងប្រែង​បង្កើត​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​អាម៉េរិ​ក បាន​និយាយប្រាប់​ទូរទស្សន៍ CNN ថា​”​ផែនការ​របស់​យើង​គឺ​ត្រូវ​មាន​លទ្ធភាព​ដឹកជញ្ជូន​វ៉ាក់សាំង​ទៅ​កន្លែង​ចាក់​ថ្នាំ​​បង្ការ​ក្នុង​រយៈពេល ២៤ ម៉ោង​បន្ទាប់ពី​មាន​ការយល់ព្រម​” ដោយ​រដ្ឋបាល​ឱសថ​និង​ចំណីអាហារ (FDA) ដោយ​លោក​ចង្អុលបង្ហាញ​ថា កាលបរិច្ឆេទ​ដែល​អាច​នឹង​ទទួលបាន​ការអនុម័ត​គឺ ១១-១២ ធ្នូ​។​

​ទីប្រឹក្សា​ផ្នែក​វ៉ាក់សាំង​របស់ FDA នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃទី ១០ ខែ​ធ្នូ​ដើម្បី​ពិភាក្សា​អំពី​ការអនុម័ត​។​

​លោក​ស្លា​វី​ព្យាករណ៍​ថា មនុស្ស​២០​លាន​នាក់​នៅ​ទូ​ទាំង​សហរដ្ឋ​អាម៉េរិក​អាច​នឹង​ចាក់​វ៉ាក់សាំង​នៅ​ខែ​ធ្នូ ហើយ​បន្ទាប់ពី​នោះ​មនុស្ស ៣០ លាន​នាក់​នឹង​បាន​ចាក់​វ៉ាក់សាំង​ក្នុង​មួយខែ​៕

​ការចាក់​វ៉ាក់សាំង​នៅ​អាម៉េរិក​អាច​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១១​ឬ​១២​ធ្នូ ដោយ​មនុស្ស​២០​លាន​នាក់​នៅ​ទូ​ទាំង​សហរដ្ឋ​អាម៉េរិក​អាច​នឹង​ចាក់​វ៉ាក់សាំង​នៅ​ខែ​ធ្នូ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular