ដោយៈ សរិទ្ធ/ព្រះសីហនុៈ បុរសម្នាក់ បានស្លាប់ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត បានរងរបួស ដោយសារបើកម៉ូតូ រេចង្កូតទៅប៉ះរថយន្ត កាលពីម៉ោង ៩និ៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩០-១៩១។
នគរបាលឃុំព្រៃនប់ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១E-៣១៩១ ពេលបើកមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ប៉ះជាមួយរថយន្ត ១គ្រឿង បណ្តាលឱ្យ អ្នកជិះម៉ូតូម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់។ ចំណែកភាគីខាងរថយន្ត បានបើករត់គេចបាត់ស្រមោល។
បើតាមសមត្ថកិច្ច បានបញ្ជាក់ថាៈ ភ្លាមៗ ជនរងគ្រោះទាំង ២នាក់ នៅពុំទាន់ស្គាល់ អត្ដសញ្ញាណនៅឡើយទេ បច្ចុប្បន្ន សមត្ថកិច្ច កំពុងស្វែងរកគ្រួសារជនរងគ្រោះ។ ក្នុងនោះ អ្នករងរបួស ត្រូវបានយកទៅសង្គ្រោះ នៅគ្លីនិកឯកជន ក្នុងឃុំអូរឧកញ៉ាហេង និងសមត្ថកិច្ច បន្តស្រាវជ្រាវ រកអ្នកបើករថយន្តបង្កហេតុ ដើម្បីនាំយកមកដោះស្រាយ តាមនីតិវិធី៕/V