ប្រែសម្រួល : កញ្ញាដាលីស/សហរដ្ឋអាម៉េរិក ៖ លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិកនឹងបង្ហាញឈ្មោះមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីដំបូងរបស់លោកនៅថ្ងៃអង្គារទី២៤វិច្ឆិកា បើទោះបីជាលោកដូណាល់ត្រាំនៅតែបន្តលើកឡើងអំពីការលួចបន្លំសន្លឹកឆ្នោតដោយគ្មានភស្តុតាង ចំពេលមានការប្រឆាំងកាន់តែខ្លាំងនៅក្នុងគណបក្សរបស់លោកក៏ដោយ។
លោកបៃដិនបានបន្តការរៀបចំខ្លួនដើម្បីទទួលតំណែងប្រធានាធិបតីនៅថ្ងៃទី ២០ ខែមករាដោយមិនខ្វល់ពីចំណាត់ការរបស់លោកត្រាំ ដែលត្រូវបានជំទាស់ខ្លាំងឡើងពីមន្ត្រីគណបក្សសាធារណរដ្ឋ ព្រោះតែគាត់នៅតែបន្តព្យាយាមទាញបញ្ច្រាស់លទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី ០៣ ខែវិច្ឆិកា។
លោក រ៉ូន ក្លេន អគ្គសេនាធិការចម្រុះរបស់លោកបៃដិន បានប្រាប់កម្មវិធី “This Week” របស់ទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យទី២២វិច្ឆិកាថា”អ្នកនឹងឃើញគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីជាប់ឆ្នោតដំបូងនៅថ្ងៃអង្គារសប្តាហ៍នេះ”។
លោកបដិសេធមិននិយាយថាតើមុខតំណែងណាមួយដែលប្រធានាធិបតីជាប់ឆ្នោតនឹងប្រកាសនោះទេទោះបីជាលោកបៃដិនបាននិយាយកាលពីសប្តាហ៍មុនថាលោកបានសម្រេចចិត្តលើមនុស្សម្នាក់សម្រាប់មុខតំណែងសំខាន់នៅក្រសួងរតនាគាររួចហើយក្តី។
ចំនួនមន្ត្រីបក្សសាធារណរដ្ឋច្រើនឡើងបានទទួលស្គាល់ជ័យជម្នះរបស់លោកបៃដិនឬយ៉ាងហោចណាស់បានជំរុញរដ្ឋបាលសេវាកម្មទូទៅ ជាភ្នាក់ងារមិនសូវលេចធ្លោដែលគ្រប់គ្រងការិយាធិបតេយ្យសហព័ន្ធ ឱ្យបញ្ចេញមូលនិធិសហព័ន្ធសម្រាប់ការផ្ទេរអំណាចឱ្យលោកបៃដិន។
ដោយហេតុថាលោកត្រាំបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតលោកបៃដិននិងជំនួយការកំពូលរបស់លោកត្រូវគេបដិសេធមិនឱ្យដឹងអំពីគោលនយោបាយក្នុងស្រុកនិងបរទេសដ៏រសើបនោះទេ ជាពិសេសអំពីជំងឺរាតត្បាតកូវីដ១៩ ដែលកំពុងផ្ទុះពេញប្រទេស៕
លោកបៃដិននឹងបង្ហាញគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃអង្គារ