ដោយ:សរិទ្ធ/ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ និងនារីម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នានៅមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នាវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CW-7276 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវទៅទិសខាងត្បូង តែឆ្លងបានតែត្រឹមពាក់កណ្ដាលផ្លូវក៏ត្រូវបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1H-1371 តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន បុកម៉ូតូធូដេ ដែលកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូហុងដាឌ្រីម ដួលអូសជិត១០ម៉ែត្ររងរបួសធ្ងន់ ។ រីឯនារីភាគីខាងម៉ូតូធូដេរងរបួសស្រាល ៕