ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ អ្នកការទូតជើងចាស់ អ៊ែនថូនី ប្លីងឃិន(Antony Blinken) ដែលបានបំរើជាអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិកនិងជាទីប្រឹក្សាសន្តិសុខជាតិរងក្នុងរដ្ឋការលោកអូបាម៉ា ទំនងជាជំរើសមុនគេរបស់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន សំរាប់តំណែងរដ្ឋមន្ត្រីការបរទេសអាម៉េរិកបន្ទាប់។
សារព័ត៌មានBloomberg បានយោងតាមប្រភពព័ត៌មានដែលបាននិយាយថា ការប្រកាសតែងតាំងលោកប្លីនឃិន ត្រូវរំពឹងថានឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារទី២៤វិច្ឆិកា ។
អតីតអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក អ៊ែនថូនី ប្លីងឃិន ស្តាប់សំណួរអ្នកកាសែតក្នុងអំឡុងសន្និសីទកាសែតមួយកាលពីឆ្នាំ២០១៥
សម្ពន្ធមិត្តរបស់បៃដិនម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្លីនឃិន ជាជំរើសមុនគេបំផុតនិងការប្រកាសតែងតាំងមួយនឹងត្រូវធ្វើឡើងឆាប់បំផុតនៅថ្ងៃអង្គារ សប្តាហ៍នេះនៅពេលនាយសេនាធិការសេតវិមានដែលរង់ចាំចូលកាន់តំណែង លោក រ៉ុន ក្លេន បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបៃដិន នឹងប្រកាសឈ្មោះសមាជិកគណៈរដ្ឋមន្ត្រីដំបូងៗរបស់លោកនៅថ្ងៃអង្គារ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយរ៉យទ័រ កាលពីខែតុលា លោកប្លីនឃិន បាននិយាយថា សហរដ្ឋអាម៉េរិកមិនត្រូវបោះបង់ចោលភាពជាអ្នកដឹកនាំពិភពលោករបស់ខ្លួនទេ។
កើតនៅក្រុងញូវយ៉កនិងទទួលការសិក្សាអប់រំនៅសកលវិទ្យាល័យហាវឺដ លោកប្លីនឃិន បានប្រកបមុខរបរច្បាប់មួយរយៈពេលខ្លី និងបានចូលក្នុងនយោបាយនៅចុងទសវត្សរ៍១៩៨០ ។លោកបានចូលបំរើការក្នុងសេតវិមានរបស់គណបក្សប្រជាធិបតេយ្យដឹកនាំដោយប៊ីល គ្លីនតុន ក្នុងនាមជាអ្នកសរសេរសុន្ទរកថា និងបានក្លាយជាជំនួយការសន្តិសុខជាតិរបស់លោក។
ក្រោមរដ្ឋការលោកអូបាម៉ា លោកប្លីនឃិនធ្វើការដើម្បីកំហិតការបញ្ជូនទ័ពប្រយុទ្ធជាក្រុមតូចៗ តែកាលពីឆ្នាំមុន លោកបានប្រាប់រ៉យទ័រថា លោកត្រាំបានបំផ្លាញសេចក្តីទុកចិត្តរបស់អាម៉េរិកដោយសារតែលោកបានដកទាហានអាម៉េរិកចេញពីស៊ីរី នៅឆ្នាំ២០១៩ ដោយទុកអោយសម្ពន្ធមិត្តឃឺដ ប្រយុទ្ធទល់នឹងក្រុងរដ្ឋអ៊ីស្លាមតែឯង៕