ដោយៈ អង្គរតូច / សៀមរាបៈ បុរសម្នាក់ បានស្លាប់ នៅពេលដឹកបញ្ជូន ទៅដល់មន្ទីរពេទ្យ ឯយុវជនម្នាក់ រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ ដោយម៉ូតូ ពីរគ្រឿង បានបុកគ្នា ក្នុងទិសដៅបញ្ច្រាសគ្នា នៅវេលាម៉ោង ៨និង៥០នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែក ចូលក្លិបបាល់ទាត់យុវជន លើផ្លូវ ៦០ ម៉ែត្រ ចំងាយប្រហែល ៣០០ ម៉ែត្រ ទៅរង្វង់មូលអប្សារា ។
មន្ត្រីនគរបាលចរាចរណ៍ ក្នុងហេតុការណ៍ បានអោយដឹងថាៈ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងម៉ូតូម៉ាក ឌុក ពណ៌ខ្មៅ ពាក់ស្លាកលេខ 1Y សៀមរាប ០៥៩០ បើកបរដោយឈ្មោះ សំរឹទ្ធ សុវណ្ណមករា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិខ្នា ឃុំជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល បើកបរពីទិសខាងត្បូង ទៅខាងជើង បានបុកជាមួយម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ស្លាកលេខ សៀមរាប 1S៥៤៩៤ បើកបរដោយឈ្មោះ បូ សុខា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ពីទិសខាងជើង ទៅខាងត្បូង បណ្ដាលឱ្យរងរបួសធ្ងន់ ហើយបន្ទាប់មក បានស្លាប់ នៅពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ សឹងរឹទ្ធីរ៉េត ។
មន្ត្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថាៈ ក្រោយប្រគល់សាកសព ជូនសាច់ញាតិ វត្ថុតាងបានយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ខេត្ត រង់ចាំដោះស្រាយ ៕/V