ដោយៈ សរិទ្ធ / ភ្នំពេញៈ អាជ្ញាធរខណ្ឌដង្កោ កាលពីល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ក្រាបទីតាំងល្បែងជល់មាន់ មួយកន្លែង ដោយ បានឃាត់ខ្លួនមនុស្ស បីនាក់ និងដកហូតមាន់គក ៥ ក្បាល ទុកជាភស្តុតាង នៅចំណុចមាត់ប្រឡាយ ផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងថាៈ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋល្អ អំពីទីតាំងជល់មាន់ខុសច្បាប់មួយនេះ ទើបអាជ្ញាធរខណ្ឌដង្កោ ណែនាំមន្ត្រីនគរបាលខណ្ឌដង្កោ សហការជាមួយ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលដង្កោ ឆ្មក់ចុះបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្ស បីនាក់ និងវត្ថុតាងមាន់គក ចំនួន ៥ ក្បាល បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី ៕/V