អាកាសធាតុ ក្នុង​សប្តាហ៍​នេះ អំណោយផល​ល្អ​

ដោយៈ ប​.​ខុន / ភ្នំពេញៈ ស្ថានភាព​អាកាសធាតុ នៅក្នុង​សប្តាហ៍​នេះ អំណោយផល​ល្អ ផ្ទៃមេឃ មាន​សភាព​ស្រឡះ ជាមួយ​ពន្លឺ​ព្រះ​ចន្ទ ចាស់​ខ្នើត និង ខ្យល់​រំហើយ​ត្រជាក់​ល្មម តែ​ភ្លៀង​រដូវវស្សា នៅ​មិនទាន់​អស់​នៅឡើយ​ទេ​។ នេះ​បើតាម​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ បន្ទាប់ពី​អាកាសធាតុ​ល្អ ភ្លៀង​រដូវវស្សា ធ្លាក់​រាយប៉ាយ មក​សារជាថ្មី នៅ​ចុង​សប្តាហ៍​នេះ ដែល​ភាគច្រើន កើត​មាននៅ​ប៉ែក​ខាងកើត និង​ខាងត្បូង លើ​ប្រទេស​កម្ពុជា​។ តំបន់​ខ្ពង់រាប ភាគ​ខាងជើង និង ភាគ​ឦសាន សីតុណ្ហភាព បាន​ចុះ​តិចតួច នៅពេល​យប់ និង​ពេលព្រឹក​។​

​ផ្ទៃមេឃ​ស្រឡះ​ដូច​ថ្ងៃនេះ មាន​ភាព​អំណោយផល​ល្អ ដល់​អ្នកធ្វើអាជីវកម្ម តាម​គន្លង​ដាយ ក្នុង​ដង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ដោយ​គិត​មកដល់​ថ្ងៃ ៨ កើត ខែ​មិគសិរ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែវិច្ឆិកា នេះ ត្រូវបាន​អ្នកនេសាទ តាម​គន្លង​ដាយ បាន​ប្រាប់ថា ឃើញ​មាន​ត្រី​ចូល​ដាយ កើនឡើង តែ​មិនទាន់​ច្រើន​ទេ​។​

​លោក ម៉ូត ហូរ​សាន់ អ្នកនេសាទ តាម​គន្លង​ដាយ ក្នុង​ដង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ បាន​និយាយ​ឱ្យដឹង នៅ​ព្រឹក​ថ្ងៃនេះ (២៣ វិច្ឆិកា​) មេឃ​មាន​សភាព​ស្រឡះ ឃើញ​មាន​ត្រី ចុះមក ចាប់បាន​មាន​ចំនួន កើនឡើង តែ​មិនទាន់​ច្រើន​ទេ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular