ដោយៈមុនីរ័ត្ន/ ភ្នំពេញៈ តបតាមការអញ្ជើញរបស់លោក អូស្មាន ហ្សែរ៉ង់ឌី រដ្ឋមន្ត្រីក្រសួងការបរទេស ចំណាកស្រុក និងប្រជាជន ទុយនីស៊ីនៅក្រៅប្រទេស នៃសាធារណរដ្ឋទុយនេស៊ីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី ៣៧ (CMF) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៤ និង ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅទីក្រុងប៉ារីស តាមប្រព័ន្ធវីដេអូ។ នេះ បើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកានេះ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី ៣៧ (CMF) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៤ និង ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០(រូបថតឯកសារ)
ប្រភពដដែលបន្តថា ក្នុងកិច្ចប្រជុំលើកទី ៣៧ នេះ លោកស្រីអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងបង្ហាញនូវរបាយការណ៍មួយស្តីពីប្រធានបទនយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ រដ្ឋបាល និងហិរញ្ញវត្ថុ ដែលត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) កាលពីថ្ងៃទី ៤ និង ៥ ខែ វិច្ឆិកា កន្លងទៅ។
រដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូទាំងអស់ នឹងពិនិត្យមើលលើយុទ្ធសាស្ត្រសេដ្ឋកិច្ចសម្រាប់អង្គការ OIF ដំណើរការនៃការកែទម្រង់ ការអនុវត្តគម្រោង និងសកម្មភាពរបស់ អង្គការ OIF ព្រមទាំង ផ្លាស់ប្តូរទស្សនៈលើបញ្ហាប្រឈម និងបញ្ហាសេដ្ឋកិច្ចសង្គម ដែលអង្គការ OIF និងពិភពលោកកំពុង ជួបប្រទះ ជាពិសេសក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ អង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីនឹងកំណត់កាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំលើកក្រោយរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ១៨ នៅប្រទេសទុយនីស៊ី។
ព្រះករុណា ព្រះនរោត្តម-សីហនុ ព្រះបរមរតនកោដ្ឋ គឺជាបិតាស្ថាបនិក ១ រូប នៃចលនាហ្វ្រង់កូហ្វូន និងជាមេដឹកនាំលេចធ្លោជាងគេនៃចលនានេះនៅអាស៊ី។
បច្ចុប្បន្ន អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានរដ្ឋ និងរដ្ឋាភិបាលសមាជិក ចំនួន ៨៨ (សមាជិកពេញសិទ្ធិ ចំនួន ៥៤ សមាជិកមិនពេញសិទ្ធិ ចំនួន ៧ និងសមាជិកសង្កេតការណ៍ ចំនួន ២៧)៕សរន