ដោយៈ រ៉ាម៉ន / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាល បាននឹងកំពុងធ្វើសកម្មភាព យ៉ាងសកម្ម ក្នុងការអភិវឌ្ឍរាជធានី មានទាំងកសាងផ្លូវ ភ្លើង លូ ប្រឡាយ សួនច្បារសាធារណៈ និងហេដ្ឋារចនាសម្ព័ន ផ្សេងទៀត។
ជាក់ស្តែង សម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាំបង្គោលភ្លើង បំភ្លឺសាធារណៈថ្មី រាប់សិបបង្គោល ជាមួយនឹងការដាក់ឱ្យដំណើរការ ភ្លើងបំភ្លឺផ្លូវ កាលពីសប្ដាហ៍មុន នៅលើផ្លូវក្រវាត់ក្រុងទី២ ឬ ផ្លូវទ្រុងមាន់ ចាប់ពីស្តុបណ័រប្រ៊ីត ដល់ប្រឡាយបារាំង ក្នុងខណ្ឌសែនសុខ និងដាក់បង្គោលភ្លើង បំភ្លឺផ្លូវថ្មី ចំនួន ៤៣ បង្គោលទៀត នៅផ្លូវព្រៃស ចាប់ពីស្ពានព្រែកហា ដល់ផ្លូវវត្តឫស្សីសាញ់ ខណ្ឌដង្កោ។
គួរបញ្ជាក់ផងដែរថា នៅលើបណ្តោយផ្លូវ ខ្សែក្រវាត់ក្រុងទី២ ( ផ្លូវទ្រុងមាន់ ) កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បង្គោលភ្លើងនេះ ចាប់ពីផ្លូវប្រឡាយបារាំង ដល់ផ្លូវវេងស្រេង ក្នុងខណ្ឌមានជ័យ ហើយរហូតមកដល់ពេលនេះ ក៏បានបន្តពីប្រឡាយបារាំង មកដល់ស្តុបណ័រប្រ៊ីត បន្ថែមទៀត។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាៈ ការដាំបង្គោលភ្លើង បំភ្លឺសាធារណៈថ្មី រាប់សិបបង្គោល ជាមួយនឹងការដាក់ឱ្យបំភ្លឺ ជាសាធារណៈនេះ ធ្វើឡើងមិនត្រឹមតែ ដើម្បីលើកសោភ័ណភាព ក្នុងរាជធានីភ្នំពេញ ប៉ុណ្ណោះទេ តែវាក៏បានធ្វើឱ្យកាត់បន្ថយ ចោរកម្ម និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផងដែរ៕/V