ដោយ: ប.ខុន / ភ្នំពេញ: ដីច្រមុះជ្រូកនៅចំពីមុខតោពីរ (រង្វង់មូលតោ២) រដ្ឋបាលខេត្តបាននិងកំពុងកែលម្អទៅជាសួនច្បារទុកសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឈរថតរូបអនុស្សាវរីយ៍ជាប់ជាមួយនឹងរូបសំណាកតោរពីនៅលើរង្វង់មូលនេះ។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៣ខែវិច្ឆិកា ក្នុងពេលដឹកនាំមន្ត្រីចុះពិនិត្យមើលសកម្មភាពគម្រោងកែលម្អសោភ័ណភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ។
លោកអភិបាលខេត្ត ក៏បានអញ្ជើញពិនិត្យគម្រោងរៀបចំកែលម្អសោភ័ណភាព តំបន់ជុំវិញរង្វង់មូលតោ២ដែលគម្រោង ធ្វើឱ្យរួចរាល់ជាស្ថាពរនៅមុនពិធីបុណ្យ ចូលឆ្នាំខ្មែរឆ្នាំ២០២១ខាងមុខ។
នៅព្រឹកថ្ងៃដដែលលោក គួច ចំរើន ក៏បានអញ្ជើញពិនិត្យ និងជំរុញការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនទៀតក្នុងក្រុងព្រះសីហនុ ដើម្បីឲ្យគម្រោងទាំងអស់បញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ។
លោក ចេង ស្រុង ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងថា ទីតាំងដែលកំពុងរៀបចំកែលម្អជាសួនច្បារនិងជាកន្លែងថតរូបអនុស្សាវរីយ៍នេះ ស្ថិតនៅចំពីមុខតោពីរជាដីរាងច្រមុះជ្រូកនៅចន្លោះផ្លូវលេខ៣០០និងផ្លូវលេខ៤០០៕