ដោយ៖ដេប៉ូ / ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោកនោះកម្ពុជា-សិង្ហបុរី មានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត។
ការលើកឡើងពីកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបរវាង លោក ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ជាមួយ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្លែងក្នុងពិធីនេះលោកអ៊ិត សំហេង រដ្ឋមន្ត្រីកសួងការងារបានឱ្យដឹងពីប្រទេស សិង្ហបុរីកន្លងមកបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។ដោយឡែកចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។
ជាមួយគ្នាលោកអ៊ិត សំហេង ក៏បានលើកឡើងពីសំណើរពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ហើយកម្ពុជាក៏មានបំណងចង់បន្តកិច្ចសហបប្រតិបត្តិការជាមួយសិង្ហបុរីតទៅមុខទៀត ហើយសង្ឃឹមថាសិង្ហបុរីនឹងនៅតែចែករំលែកបទពិសោធន៍ដល់កម្ពុជាបន្ថែមទៀតផងដែរ។
ក្នុងពិធីនេះដែរ លោក ម៉ាយឃើល តាន ឯកអគ្គរដ្ឋទូតសិង្ហបុរី បានលើកឡើងថាប្រទេសសិង្ហបុរីបានឈរលើចំណាត់ថ្នាក់ទី២ លើវិស័យវិនិយោគនៅកម្ពុជា ហើយកន្លងមកសិង្ហបុរី តែង ចូលរួមជួយបណ្ដុះបណ្ដាលសមត្ថភាពជំនាញការងារដល់កម្មករកម្ពុជាផងដែរ ដើម្បីឱ្យពួកគេទទួលបានជំនាញសមស្របមួយសម្រាប់ធ្វើការងារចិញ្ចឹមជីវិតឱ្យកាន់តែល្អប្រសើរ៕