ដោយ: សរិទ្ធ / ភ្នំពេញ: ជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីម៉ោង៤ល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបុរីប៊ុនជេស្ឋ ផ្លូវបេតុង ផ្ទះលេខF៣៤ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយពេលចូលគាស់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋលួចខ្សែដៃ និងលុយបានមួយសន្ទុះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមនា ទី១.ឈ្មោះ ជួប រស្មី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២.ឈ្មោះ ឆឹង ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ និងទី៣.ឈ្មោះ ចាន់ វិសាល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ។ ចំណែកជនសង្ស័យដែលគេចខ្លួនឈ្មោះ ដា ភេទប្រុស។ ចំណែកជនរងគ្រោះឈ្មោះ ទឹម សុខឃៀង មានទីលំនៅផ្ទះកើតហេតុខាងលើ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ទឹម សុខឃៀង បានយកសម្ភារៈ យកមកដាក់ក្នុងយកថង់ក្រណាត់ពណ៌ក្រហមរួចចាក់សោរផ្ទះចូលទៅសម្រាកបាត់។ លុះដល់ម៉ោងកើតហេតុខាងលើ ក៏ភ្ញាក់ឡើងឃើញទ្វាចំហ ឃើញដូចនោះខ្លួនក៏រត់មកមើលសម្ភារៈនិងកាបូប ដែលដាក់ក្នុងថង់ក្រណាត់តែរកមិនឃើញ បន្ទាប់មកជនរងគ្រោះជនរងគ្រោះក៏បានដើររកតែរកមិនឃើញទៀត ទើបជនរងគ្រោះដឹងថា ត្រូវបានចោរលួច ក៏សុំអន្តរាគមន៍ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ តែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕