ដោយ: សម្បត្តិ / ភ្នំពេញ: ពិតជារន្ធត់មែន ស្ត្រី២នាក់មីងក្មួយ បានស្លាប់ក្នុងមួយពព្រិចភ្នែក ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដឹកស៊ីម៉ង់ត៍មួយគ្រឿង បើកបរក្នុងល្បឿនលឿនមកបុកនិងកិនពីក្រោយ នាវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
រថយន្តបង្កព្យាយាមបើករត់ តែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ដេញតាមឃាត់ខ្លួនបានទាំងអ្នកបើកបរនិងព្រូឡាន និងយកទៅប៉ុស្តិ៍ជាបណ្តោះអាសន្ន។
ជនរងគ្រោះអ្នកបើកបរឈ្មោះ ធន់ ស្រីពេជ្រ អាយុ១៧ឆ្នាំ និងឈ្មោះ ម៉ក់ វណ្ណា អាយុ៥៨ឆ្នាំ មុខរបរលក់ទូរស័ព្ទ។ ជនរងគ្រោះត្រូវជាមីងនិងក្មួយ រស់នៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ជិះម៉ូតូម៉ាកBeat ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GS 5185 ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A 1246៕