ដោយ: រ៉ាម៉ន / ភ្នំពេញ: នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញសមាជិកនាយទាហាន នាយទាហានរង ទាំងអស់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមស្តាប់នូវសារអប់រំរបស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ (Covid-19)។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ទាន់ពេលវេលា នូវជំងឺកូវីដ-១៩ (Covid-19) យ៉ាងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមសារអប់រំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ផងដែរ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំដល់ នាយទាហាន នាយទាហានរង ទាំងអស់ ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់ គោរពសិទ្ធមនុស្ស និងបទបញ្ជាទាំងឡាយរបស់ថ្នាក់លើ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ ត្រៀមទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលបានកើតឡើងក្នុងមូលដ្ឋាន។
លោកក៏បានក្រើនរំលឹកពីគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់រលកទីពីរ នៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានណែនាំដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានខ្ជាប់ខ្ជួន៕