ដោយ: សរិទ្ធ / កណ្តាល: រថយន្តដឹកទំនិញមួយគ្រឿង បានបុកពីក្រោយរថយន្តដឹកកម្មករដែលកំពុងចត ហើយជ្រុលបុកម៉ូតូមួយគ្រឿងទៀត បណ្តាលអោយមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ៧នាក់ទៀតរងរបួស ។ ករណីនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនបង្ក ភ្លាមៗ ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
សមត្ថកិច្ច បញ្ជាក់ប្រាប់ថា រថយន្តម៉ាក Hyundai ធុនដឹកទំនិញធំ ពណ៌ស ផ្លាកលេខភ្នំពេញ 3B-0748 បើកបរដោយឈ្មោះ ឈឿន វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ខេត្តត្បូងឃ្មុំ រួមដំណើរ២នាក់ បើកបរក្នុងទិសដៅពីជើងមកត្បូង បានបុកពីក្រោយរថយន្តឈប់នៅចិញ្ចើមផ្លូវរង់ចាំដាក់កម្មកររោងចក្រទៅធ្វើការ រួមដំណើរមាន២៨នាក់ ។
ក្រោយមក រថយន្តបានរេចង្កូតមកបុកម៉ូតូមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នាជាមួយ ម៉ូតូម៉ាក Honda Cub 50 ពណ៌ ខ្មៅ ផ្លាកលេខ ភ្នំពេញ 1M-5937 បើកបរដោយឈ្មោះ ជាន ស៊ីដែន ភេទប្រុស អាយុ២០ឆ្នាំ ។
សមត្ថកិច្ច បន្ថែមថា ករណីនេះបណ្ដាលឱ្យស្លាប់ម្នាក់ នៅកន្លែងកើតហេតុនិងរបួសធ្ងន់៧នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ នេះ គឺ ដោយសារអ្នកបើកបររថយន្តបង្កបើកល្បឿនវ៉ាជែងមិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្ន ៕