ប្រែសម្រួល : កញ្ញាដាលីស/យ៉ាំងហ្គោន ៖ សមាជិកសភាជាប់ឆ្នោតថ្មីម្នាក់មកពីគណបក្សកាន់អំណាចមីយ៉ាន់ម៉ាត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូបនៅរដ្ឋសានភាគខាងជើងប្រទេស ហើយគណបក្សកាលពីថ្ងៃអាទិត្យ (២២ វិច្ឆិកា) បានជំរុញឱ្យមានការស៊ើបអង្កេតមួយយ៉ាងរហ័ស និងថ្កោលទោសអំពើហិង្សានយោបាយបន្ទាប់ពីការបោះឆ្នោតនៅខែនេះ។
អ្នកនាំពាក្យគណបក្សលោក មេយ៉ូ នីអាន់ និយាយថា លោក ធីកេ ស ត្រូវបានបាញ់សម្លាប់នៅហាងមួយ ដែលគាត់បើកនៅផ្ទះរបស់គាត់នៅទីក្រុងខាយយ៉ាក់មីកាលពីថ្ងៃសៅរ៍។
បុរសដែលស្លាប់នេះបានឈ្នះអាសនៈមួយនៅក្នុងការបោះឆ្នោតទូទៅថ្ងៃទី ៨ ខែវិច្ឆិកា ដែលបាននាំមកនូវជ័យជម្នះភ្លូកទឹកភ្លូកដីដល់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ។
លោក មេយ៉ូ នីអាន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា “គាត់បានចេញទៅខាងក្រៅហាងដើម្បីលក់ទំនិញ នៅពេលអតិថិជនមកដល់ ហើយអតិថិជននោះបានបាញ់គាត់”។ លោកបានបន្ថែមថា គណបក្សបានស្នើសុំឱ្យអាជ្ញាធរស៊ើបអង្កេតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកនិយាយថា “យើងសូមថ្កោលទោសអំពើហិង្សាជាពិសេសអំពើហិង្សាដែលទាក់ទងនឹងនយោបាយ ដែលអាក្រក់សម្រាប់អនាគត”។
ការបាញ់សម្លាប់នេះកើតឡើងក្រោយការបោះឆ្នោតដែលគណបក្សរបស់កាន់អំណាចរបស់លោកស្រី អ៊ុងសាន ស៊ូជី ឈ្នះបានសម្លេងភាគច្រើនគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល តែគណបក្សប្រឆាំងដែលនិយមយោធា បានប្រឆាំងនឹងលទ្ធផលឆ្នោត៕
ពួកអ្នកគាំទ្រគណបក្សប្រឆាំងដែលមានយោធាជាខ្នងបង្អែក តវ៉ាលទ្ធផលឆ្នោតនៅទីក្រុងណៃពិដោកាលពីថ្ងៃទី១១វិច្ឆិកាកន្លងទៅ