ប្រែសម្រួល : កញ្ញាដាលីស/ប៉េកាំង ៖ ចិនគ្រោងនឹងបាញ់បង្ហោះយានអវកាសគ្មានមនុស្សបើកទៅកាន់ឋានព្រះចន្ទនៅសប្តាហ៍នេះដើម្បីនាំយកដុំថ្មព្រះចន្ទត្រឡប់មកផែនដីវិញនៅក្នុងការប៉ុនប៉ងដំបូងបំផុតដោយប្រទេសមួយនេះដើម្បីទាញយកសំណាកគំរូពីផ្កាយរណបធម្មជាតិរបស់ភពផែនដីយើងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ។
យានស៊ើបអង្កេត Chang’e-5 ដែលគេដាក់ឈ្មោះតាមអាទិទេពចិនបុរាណ នឹងស្វែងរកការប្រមូលវត្ថុធាតុណា ដែលអាចជួយអ្នកវិទ្យាសាស្ត្រស្វែងយល់កាន់តែច្បាស់អំពីដើមកំណើតរបស់ព្រះចន្ទ។
បេសកកម្មនេះនឹងសាកល្បងសមត្ថភាពរបស់ចិនក្នុងការទាញយកសំណាកពីចម្ងាយ នៅមុនបេសកកម្មដែលកាន់តែស្មុគស្មាញជាងនេះ។
ប្រសិនបើទទួលបានជោគជ័យ បេសកកម្មនេះនឹងធ្វើឱ្យចិនក្លាយជាប្រទេសទី៣ ដែលបានយកសំណាកគំរូរបស់ព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាម៉េរិកនិងសហភាពសូវៀតកាលពីច្រើនទសវត្សរ៍មុន។
ចាប់តាំងពីសហភាពសូវៀតបានចុះចតយាន Luna 2 នៅលើព្រះចន្ទក្នុងឆ្នាំ ១៩៥៩ ប្រទេសដទៃទៀតរួមមានជប៉ុននិងឥណ្ឌាក៏បានចាប់ផ្តើមបេសកកម្មឋានព្រះចន្ទដែរ។
នៅក្នុងកម្មវិធីយានអវកាសអាប៉ូឡូ ដែលបានយកមនុស្សទៅលើឋានព្រះចន្ទដំបូងគេ សហរដ្ឋអាម៉េរិកបានយកអវកាសយានិក១២ នាក់ចុះនៅលើព្រះចន្ទតាមជើងហោះហើរចំនួន ៦ ពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧២ ដោយនាំយកថ្មនិងដីចំនួន ៣៨២ គីឡូក្រាមត្រឡប់មកវិញ៕
រ៉ុក្កែត Long March 5 នឹងដឹកយានស៊ើបអង្កេត Chang’e-5 ទៅឋានព្រះចន្ទនៅសប្តាហ៍នេះ