ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ផ្លូវលំក្រាលក្រួសក្រហម មួយខ្សែ ស្ថិតនៅតាមមាត់ទន្លេ ប្រវែង ៥០ ទៅ ៦០ ម៉ែត្រ ដែលបានជួយសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ទៅមក ត្រូវបានរងផលប៉ះពាល់ នៅពេលទឹកជំនន់ កន្លងមក បណ្តាលធ្វើអោយប្រេះ ដោយកន្លែង។ អាជ្ញាធរស្រុក ឃុំ បានប្រកាសផ្អាក ការធ្វើដំណើរជាបណ្តោះអាសន្ន ដើម្បីរង់ចាំការជួសជុល ស្តារឡើងវិញ ដោយសារអាជ្ញាធរ បារម្ភអំពីគ្រោះថ្នាក់ណាមួយ កើតឡើងជាយថាហេតុ។
ផ្លូវមួយខ្សែនេះ ដែលមានប្រវែងពី ៥០ ទៅ ៦០ ម៉ែត្រនេះ នៅតាមបណ្ដោយមាត់ទន្លេ នៃភូមិកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយកន្លងមក ត្រូវបានអាជ្ញាធរឃុំកំពង់ត្រាច ធ្វើការស្ថាបនា នៅក្នុងឆ្នាំ ២០១៨ ដោយមានការចូលរួមពីសហគមន៍ និងប្រជាពលរដ្ឋ ស្ថាបនាផ្លូវមួយនេះ សម្រាប់ចរាចរណ៍ ទៅមកបានស្រួល និងឆាប់រហ័ស ហើយផ្លូវមួយនេះ បានតភ្ជាប់ទៅស្រុកពញាឮ ខេត្តកណ្ដាល តាមបណ្ដោយមាត់ទន្លេ នៅពេលផ្លូវមួយនេះ ពីដើម មានការលំបាក យ៉ាងខ្លាំង ។
ប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយផ្លូវខាងលើនេះ បានប្រាប់ឲ្យដឹងថាៈ ផ្លូវមួយនេះ ពីដើម ពិបាកធ្វើដំណើរណាស់ ដោយមានការចលនាពី អាជ្ញាធរឃុំកំពង់ឡាច សហគមន៍ប្រជាពលរដ្ឋ បានរួមគ្នាចាក់ដីបំពេញ ដោយបានធ្វើដំណើរទៅមក បានស្រួលរហូតមក ។ តែមកដល់ពេលនេះ ផ្លូវមួយកំណាត់នេះ បានរងការប្រេះ ដោយសារតែទឹកជំនន់ កន្លងមក ហើយឥឡូវ ត្រូវបានអាជ្ញាធរខេត្ត ស្រុក ឃុំ ផ្អាកការធ្វើដំណើរទៅមក ជាបណ្ដោះអាសន្ន រង់ចាំការជួសជុលជាថ្មី ទើបឲ្យដំណើរការឡើងវិញ ដោយសារអាជ្ញាធរ បារម្ភអំពីគ្រោះថ្នាក់ណាមួយ កើតឡើងជាយថាហេតុ។
លោក អាំ សុគន្ធ អភិបាលរង ស្រុកកំពង់ត្រឡាច បានអោយដឹង តាមទូរស័ព្ទនៅរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ថាៈ ផ្លូវមួយកំណាត់នេះ ពិតជាត្រូវបានរងការប្រេះ ដែលជាក្តីបារម្ភ របស់អាជ្ញាធរមូលដ្ឋាន ក្នុងការធ្វើដំណើរទៅមក របស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ។
លោកអភិបាលរង ស្រុកកំពង់ត្រឡាច បានឲ្យដឹងទៀតថាៈ មួយរយៈពេលកន្លងមកនេះ មានការស្ថាបនាផ្លូវជាតិលេខ៥ ដែលពិបាកក្នុងការធ្វើដំណើរទៅមក ទើបគេនាំគ្នាបើករថយន្ត បើកវាងមកតាមផ្លូវនេះវិញ ដោយឆ្លងទៅស្រុកពញាឮ ខេត្តកណ្ដាល ដែលធ្វើអោយចំណេញពេលវេលា ក្នុងការធ្វើដំណើរផងដែរ។
ហើយអ្វីដែលធ្វើឲ្យផ្លូវមួយនេះ រងការប្រេះ ដែលការស្ថាបនា នៅពេលនោះ ដោយគ្រាន់តែធ្វើយ៉ាងណា ឱ្យបានធ្វើដំណើរទៅមក ធម្មតាតែប៉ុណ្ណោះ ដោយសារការធ្វើដំណើរឆ្លងកាត់ទៅមក រថយន្តគ្រប់ប្រភេទ ទើបផ្លូវមួយនេះ រងការខូចខាត ដែលប្រញាប់ឲ្យអាជ្ញាធរ ធ្វើការបិទការធ្វើដំណើរ ជាបណ្ដោះអាសន្ន ព្រោះតែខ្លាចមានបញ្ហាគ្រោះថ្នាក់ណាមួយ កើតឡើងជាយថាហេតុ។
លោក អាំសុគន្ធ បានបញ្ជាក់ថាៈ នៅល្ងាចនេះ ខាងអាជ្ញាធស្រុក ឃុំ នឹងជួបពិភាក្សាគ្នា ជាមួយនឹងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំងថា តើត្រូវផ្អាកចរាចរណ៍ ដើម្បីជួសជុល កែលម្អឡើងវិញ ឬត្រូវបើកឲ្យចរាចរណ៍ទៅមក ហើយជាលទ្ធផលយ៉ាងណាៗនោះ យើងរង់ចាំជួបពិភាក្សាគ្នា ជាមួយខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសិន ៕/V