ដោយៈ សរិទ្ធ / ភ្នំពេញៈ សំណុំរឿងប្លន់ប្រាក់ ២លាន ៤សែនដុល្លារ ក្នុងចំណោមប្រាក់ចំនួន ៥ លានដុល្លារ ដែលបើកចេញពីធនាគារ CIMB កាលពីឆ្នាំ២០១៩ កន្លងទៅ បានត្រូវលើកយកមក បើកសវនាការ ជំនុំជម្រះ នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
ជនជាប់ចោទ ក្នុងសំណុំរឿងនេះ មាន ៧ នាក់គឺៈ ទី១. ឈ្មោះ វ៉ា សុខ អាយុ៣៧ឆ្នាំ ជាអ្នកបើកបរ រថយន្តដឹកប្រាក់ ចេញពីធនាគារ និងជាអតីតចោរប្លន់ ដែលទើបចេញពីពន្ធនាគារ , ទី២. ឈ្មោះ មាស សំណាង អាយុ៣៨ឆ្នាំ ជាអតីតចោរប្លន់ ដែលជាប់ពន្ធនាគារ ៨ ឆ្នាំ ទើបចេញពីគុក ទី៣.ឈ្មោះ អៀម សំអន អាយុ៣៧ឆ្នាំ ជាអតីតចោរប្លន់ ទើបចេញពីពន្ធនាគារ និងជាអង្គរក្ស , ទី៤.ឈ្មោះ វ៉ា ស្រ៊ីម ភេទស្រី អាយុ៣១ឆ្នាំ , ទី៥.ឈ្មោះ លី អ៊ិន ជានគរបាល ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ , ទី៦.ឈ្មោះ លឹម រតនៈ ភេទប្រុស និងទី៧.ឈ្មោះ លឹម រតនា ភេទប្រុស។
តុលាការ បានចោទប្រកាន់ ក្រុមជនជាប់ចោទ ទាំងអស់នេះ ពីបទ លួចមានស្ថានទម្ងន់ទោស បទសមគំនិតលួច និងបទទទួលផលចោរកម្ម ប្រព្រឹត្តកាលពីថ្ងៃទី ១៦ ខែកក្ដដា ឆ្នាំ២០១៩ នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងសវនាការ ជនជាប់ចោទ លី អ៊ិន មន្ត្រីនគរបាលចរាចរណ៍ ដែលត្រូវបានលប់ឈ្មោះចេញ ពីក្របខណ្ឌនគរបាល បានសារភាពថាៈ នៅព្រលប់ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩ ប្អូនធម៌ស្រី ឈ្មោះ វ៉ា ស្រ៊ីម បានជិះរថយន្ត យកប្រាក់ចំនួន ៩០ ម៉ឺនដុល្លារ មកផ្ញើ ដោយប្រាប់ថា ជាប្រាក់ របស់ឈ្មោះ វ៉ា សុខ យកមកផ្ញើទុក។ បន្ទាប់មក ខ្លួនបានយកប្រាក់ ទៅទុកនៅក្នុងបន្ទប់ដេក ហើយក៏បានធ្វើដំណើរ ទៅប្រទេសថៃ ដើម្បីព្យាបាលជំងឺ។ លុះដល់ថ្ងៃទី ២២ ខែកក្កដា ទើបមេបញ្ជាការ ទូរស័ព្ទអោយត្រឡប់មកវិញ ដើម្បីដោះស្រាយ បញ្ហាលុយបញ្ញើនោះ។ នៅថ្ងៃទី ២៣ ខែកក្កដា ទើបខ្លួនត្រឡប់មកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន និងបានដកហូតលុយ ទៅវិញ ចំនួន ៨២៩.០០០ ដុល្លារអាមេរិក។
ក្រោយការសួរដេញដោល ក្នុងសវនាការរួចហើយ តុលាការ បានកំណត់យកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ ដើម្បីប្រកាសសាលក្រម សំណុំរឿងនេះ ៕PC