ដោយ: មុនីរ័ត្ន / ភ្នំពេញ: ក្រុមហ៊ុនព្រូដិនសលកម្ពុជាកាលពីដើមខែតុលាបានដាក់ចេញនូវការប្រកួតប្រជែង “រត់ ឬ ដើរ ដើម្បីកុមារ” នៅលើកម្មវិធីទូរស័ព្ទដៃ ផ្លើស(Pulse) ដោយព្រូដិនសល ដែលទើបបានដាក់ចេញឲ្យប្រើប្រាស់ថ្មីៗនេះ។ ការប្រកួតប្រជែងនេះ ត្រូវបានបែងចែកជា ៤ ដំណាក់កាល ដែលមានគោលដៅរួមតែមួយគឺ ការបង្កើតបណ្ណាល័យមួយសម្រាប់សាលារៀននៅក្នុងតំបន់ដែលខ្វះខាតធនធាន និងគ្រឿងបរិក្ខារផ្សេងៗ។ ការប្រកួតប្រជែងនេះផងដែរត្រូវបានបើកឲ្យសាធារណៈជនទាំងអស់ចូលរួមដោយគ្រាន់តែប្រើប្រាស់កម្មវិធី Pulse ដើម្បីវាស់នូវចម្ងាយដែលពួកគាត់បានដើរ ឬ រត់ ហើយក្រុមហ៊ុនព្រូដិនសលកម្ពុជានឹងធ្វើការបរិច្ចាគទៅតាមចម្ងាយសរុប។
គួរបញ្ជាក់ផងដែរថាដំណាក់កាលទី១នៃការប្រកួតប្រជែងនេះ ត្រូវបានប្រព្រឹត្តទៅក្នុងរយៈ២សប្ដាហ៍ដែលចាប់ផ្ដើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ និងរហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ ជាលទ្ធផល ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានធ្វើការបរិច្ចាគសៀវភៅសម្រាប់ដាក់បណ្ណាល័យជាង ២០០ ក្បាល ម៉ាស់ប្រអប់ និងសម្ភារៈផ្សេងៗសម្រាប់លោកគ្រូ អ្នកគ្រូនៃ សាលាបឋមសិក្សា ហ៊ុន សែន ក្រាំងគន្ធរ ដែលមានចម្ងាយប្រមាណជាង ៤០ គីឡូម៉ែត ពីរាជធានីភ្នំពេញ។
ជាមួយនឹងភាពជោគជ័យពីដំណាក់កាលទី១ ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការដាក់ចេញនូវការ “រត់ ឬ ដើរ ដើម្បីកុមារ” ដំណាក់កាលទី២ ដែលនឹងចាប់ផ្ដើមពី ថ្ងៃទី១៣ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ។ សាធារណៈជនគ្រប់រូបអាចធ្វើការចូលរួមក្នុងការប្រកួតប្រជែងដើម្បីសប្បុរសធម៌នេះ ដោយគ្រាន់តែធ្វើការភ្ជាប់កម្មវិធីសុខភាព ក៏ដូចជាឧបករណ៍វៃឆ្លាត ជាមួយនឹងកម្មវិធី Pulse រួចលោកអ្នកអាចចាប់ផ្ដើមធ្វើការតាមដាន ចម្ងាយរបស់លោកអ្នកតាមរយៈការដើរ ឬ រត់ប្រចាំថ្ងៃ ក្នុងអំឡុងពេល ២សប្ដាហ៍ដែលបានបញ្ជាក់ខាងលើ។ សម្រាប់ដំណាក់កាលទី២នេះ រាល់ ៥ គីឡូម៉ែត ដែលអ្នកទាំងអស់គ្នាសម្រេចបាន ក្រុមហ៊ុនព្រូដិនសលកម្ពុជានឹងធ្វើការបរិច្ចាគទឹកប្រាក់ ១ ដុល្លារ ដើម្បីធ្វើការទិញនូវគ្រឿងសង្ហារឹមសម្រាប់ដាក់នៅក្នុងបណ្ណាល័យ។ ការប្រកួតប្រជែងដើម្បីសប្បុរសធម៌នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់ចាប់ផ្ដើមអនុវត្តនូវទម្លាប់ល្អដែលជួយដល់សុខភាព ហើយស្របជាមួយគ្នានោះក៏អាចចូលរួមចំណែកជួយទៅដល់សហគមន៍ផងដែរ។
អំពីកម្មវិធី Pulse ដោយ ព្រូដិនសល
Pulse ដោយក្រុមហ៊ុនព្រូដិនសល គឺជាកម្មវិធីសុខភាពឌីជីថលដំបូងគេបង្អស់នៅក្នុងតំបន់ដែលផ្តល់ការគ្រប់គ្រងសុខភាពទូទៅជារួមដល់អ្នកប្រើប្រាស់។ ដោយប្រើបាស់ឧបករណ៍ជំនួយដោយខ្លួនឯងដំណើរការដោយបច្ចេកវិទ្យា AI និងព័ត៌មានពេលវេលាពិតប្រាកដ កម្មវិធីនេះដើរតួដូចជាដៃគូសុខភាព ២៤/៧ ដែលអាចជួយអ្នកប្រើប្រាស់ក្នុងការបញ្ចៀស ពន្យារនិងការពារពីការចាប់ផ្តើមនៃជំងឺ។ Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូទាំងតំបន់របស់ព្រូដិនសលក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានតំលៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នានៅទូទាំងទ្វីបអាស៊ីតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពជាដៃគូថ្នាក់ខ្ពស់បំផុត៕