ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាយ ឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានប្រគល់លិខិតថ្លែងអំណរគុណរបស់រាជរដ្ឋាភិបាលកម្ពុជាជូនលោក លី ឃុន អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អែរឡាញ ។
លិខិតថ្លែងអំណរគុណនេះ គឺត្រូវបានផ្តល់ជូនក្រុមហ៊ុន ក្នុងឱកាស ដែលក្រុមហ៊ុនបានឧបត្ថម្ភការហោះហើរជាមនុស្សធម៌ចំនួន០២ ជើង ដើម្បីដឹកជញ្ជូនម៉ាស់ចំនួន ២,១ លាននិងបរិក្ខារពេទ្យសរុប១២ មុខ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅជូនរដ្ឋាភិបាល នៃ ឡាវ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។
លោក ម៉ៅ ហាវណ្ណាល់ ក្នុងនាមរដ្ឋាភិបាល បានថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អែរឡាញ ដែលបានឆ្លើយតបទាន់ពេល វេលា និងឆាប់រហ័ស តាមសំណូមពររបស់រដ្ឋាភិបាល ក្នុងការដឹកជញ្ជួន សម្ភារបរិក្ខារខាងលើ ទៅកាន់ ឡាវ ប្រកបដោយសុវត្ថិភាព។
លោក ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អែរឡាញ ដែលបានសហការល្អជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៕