ប្រែសម្រួល : កញ្ញាដាលីស/សៀងហៃ ៖ ចិនបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ធ្វើចត្តាឡីស័កជាបន្ទាន់នៅឯអាកាសយានដ្ឋានពូទុងក្នុងទីក្រុងសៀងហៃខណៈបុគ្គលិកពេទ្យក្នុងឈុតការពារមេរោគបានបង្ខំឱ្យមនុស្សខឹងសម្បារាប់សិបពាន់នាក់ចូលទៅតំបន់ចតឡានសម្រាប់ការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ។
អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់ ដែលជាសិល្បករខាងនយោបាយ លោក បាឌីវកៅ បាននិយាយថា “មានសេចក្តីរាយការណ៍ថាបន្ទាប់ពីករណីវិជ្ជមានចំនួន ២ត្រូវបានរកឃើញនៅក្នុងអាកាសយានដ្ឋានសៀងហៃពូទុង មនុស្សប្រហែលជា ១៤.០០០ នាក់ត្រូវបានបង្ខំឱ្យធ្វើចត្តាឡីស័ក”។ អាជ្ញាធរបានចាប់ផ្តើមធ្វើតេស្តិ៍រកវីរុសកូរ៉ូណាជាកំហិតសម្រាប់អ្នកដំណើរដែលមកដល់អាកាសយានដ្ឋានសៀងហៃពូទុងនៅថ្ងៃនេះ (ថ្ងៃសុក្រទី២០វិច្ឆិកា)ជាមួយនឹងរូបភាពវីដេអូមួយត្រូវបានបញ្ចេញដើម្បីបង្ហាញហ្វូងមនុស្សត្រូវគេរុញចូលក្នុងតំបន់ធ្វើតេស្ត។
អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់ទៀតបាននិយាយថា “អាកាសយានដ្ឋានអន្តរជាតិសៀងហៃពូទុង។ការប្រកាសភ្លាមៗអំពីការធ្វើតេស្តិ៍និងការទប់ស្កាត់កូវីដទ្រង់ទ្រាយធំ។បរិយាកាសកំពុងក្តៅគគុក។ ទោះយ៉ាងណាមានពាក្យចចាមអារ៉ាមថា ពួកគេបានលុបចោលការធ្វើតេស្តទ្រង់ទ្រាយធំជាចាំបាច់ ដោយសារខ្លាចភាពវឹកវរ”។
ដោយសារតែបុគ្គលិកអាកាសយានដ្ឋានមួយចំនួនបានធ្វើតេស្តិ៍វិជ្ជមាន មនុស្សជាច្រើនមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីអគារទេ ហើយតំបន់ធ្វើចត្តាឡីស័កត្រូវបានលៃលកទុកជាស្រេច។
ដំណឹងនេះកើតឡើងបន្ទាប់ពីបុគ្គលិកម្នាក់មកពីស្ថានីយដឹកទំនិញបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។
ពលរដ្ឋម្នាក់នៅក្រុងសៀងហៃសរសេរលើ Twitter ថា “បន្ទាប់ពីអាកាសយានដ្ឋានពូទុង ស្ថានីយរថភ្លើងសៀងហៃខាងត្បូងឥឡូវនេះក៏ចាប់ផ្តើមបិទដែរ។ តើទីក្រុងសៀងហៃទាំងមូលនឹងត្រូវបិទ?”៕
មនុស្សប្រហែល ១៤.០០០ នាក់ត្រូវបង្ខំធ្វើតេស្តិ៍រកកូវីដ១៩និងធ្វើចត្តាឡីស័កជាបន្ទាន់នៅអាកាសយានដ្ឋានសៀងហៃពូទុងកាលពីថ្ងៃសុក្រ